នារីរូបស្រស់​ម្នាក់ទើបចេញពីក្លឹប បើកម៉ូតូទៅបុកឃឿនចិញ្ចើមផ្លូវ​ ដួលបោកក្បាល នៅជិតមជ្ឈមណ្ឌលម៉ូឌែន២ ហើយបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបានជាងកន្លះម៉ោង!

រាជធានីភ្នំពេញ ៖ នារី​ម្នាក់បានបោកក្បាលនិងថ្នល់ រងរបួសធ្ងន់​ ហើយបានស្លាប់ខណៈពេលបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត្របានប្រហែលកន្លះម៉ោង​ បន្ទាប់ពីនារីរងគ្រោះជិះម៉ូតូ Nex មួយគ្រឿង ចេញពីក្លឹប បែរជាទៅបុកឃឿនចិញ្ចើមផ្លូវ​ ដួលបោកក្បាល​ រងរបួសធ្ងន់​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើង​នៅវេលាម៉ោង​១១:២០នាទីយប់​ ថ្ងៃសៅរ៍​ ទី៣០ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចទល់មុខរោងចក្រ​ផលិត​ផ្លាស្ទិក ជិតមជ្ឈមណ្ឌលម៉ូឌែន២ ស្ថិតនៅលើកំណាត់ផ្លូវជាតិ​លេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។មន្ត្រីនគរបាលផ្នែកចរាចរណ៍ខណ្ឌមានជ័យ​ បានអោយដឹងថា នារីរងគ្រោះ​ (សព) មិនទាន់ស្គាល់​អត្តសញ្ញាណ​នៅឡើយទេ​ ។ប្រភពព័ត៌មានពីបងប្រុសម្នាក់ដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន​ហង្សតូចដឹងថា នៅមុនពេលកើតហេតុ​ គាត់ឃើញ​នារីរងគ្រោះ ទើបចេញពីក្លឹបមួយនៅចាក់អង្រែ ហើយបានជិះមួយគ្រឿង ម៉ាក Suzuki Nex ពណ៍ស​លាយខ្មៅ ពាក់ស្លាកលេខ​កណ្ដាល 1T-9561 តែម្នាក់ឯង​ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង (ដោយមិនដឹងថាទៅផ្ទះ​ ឬក៏ទៅណានោះទេ) លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជិះទៅបុកឃឿនចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលបោកក្បាល រងរបួសធ្ងន់​ ហើយត្រូវប្រជាពលរដ្ឋដែលជាអ្នកឃើញហេតុការណ៍​រាយការណ៍​ប្រាប់សមត្ថកិច្ច​មូលដ្ឋាន​ និងជួយទាក់ទងរថយន្តគ្លីនិកឯកជន មហានគរ​ មកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​កាល់ម៉ែត​។អ្នកនៅកន្លែងកើតហេតុបានប្រាប់ទៀតថា នៅលើខ្លួននារីរងគ្រោះឃើញមានកាបូបស្ពាយមួយ​ ដោយក្នុងនោះមានសំភារៈ​សម្រាប់ផាត់មុខ​ និងលុយ៥ម៉ឺនរៀល​ រួមទាំងចិញ្ជៀន​ដែលពាក់ជាប់ដៃរបស់នាងផងដែរ។បើតាម​អ្នកបើកបរ​រថយន្តសង្គ្រោះគ្លីនិក​ មហានគរ​ ​បានបញ្ជាក់ឲ្យដឹងថា​ បន្ទាប់ពីទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ ដាក់​អុកស៊ីហ្សែន​បានជាងកន្លះម៉ោង ក្រុមគ្រូពេទ្យបានជួយសង្គ្រោះបន្ទាន់ផងដែរ​ តែអកុសលជនរងគ្រោះបានស្លាប់ហើយ​ ទើបក្រុមគ្រូពេទ្យបានប្រាប់មកវិញថា​ មិនអាចជួយសង្គ្រោះបានទេ​ ព្រោះស្ថានភាពរបួស​បោក​ក្បាលចំផ្នែកខាងក្រោយ ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍ខណ្ឌមានជ័យ​ ចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ ចំណែកសពនារីរងគ្រោះត្រូវបានយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរងចាំសមត្ថកិច្ចជំនាញធ្វើកោលស្យវិច័យ និងប្រកាសរកសាច់ញាតិក្រុមគ្រួសារ អោយមកយកទៅធ្វើបុណ្យតាមប្រពៃណី៕ (អត្ថបទរូបភាព​ ម៉េង​)