មានវត្តមានបវរកញ្ញាល្បីដល់ទៅ៥រូបហើយ សូម្បីតារាជើងចាស់ប៉ុន្មានដួងនេះ ក៏សម្តែងក្នុងភាពយន្តខ្នាតធំ «អប្សារាមហាជននគរ» ដែរ
រាជធានីភ្នំពេញ ៖ ទើបនឹងបង្ហើបតួសម្តែងបានខ្លះៗប៉ុណ្ណោះ ប៉ុន្តែមហាជនរង់ចាំអន្ទះសារ ចង់ទស្សនាភាពយន្តខ្នាតធំរបស់ផលិតកម្មហង្សមាសរឿង «អប្សរាមហានគរ» ដែលដឹកនាំសម្តែងដោយ ឯកឧត្តម ហ្វៃ សំអាង អ្នកដឹកនាំរឿងភាគខ្មែរល្បីឈ្មោះបោះសម្លេងម្នាក់។
កន្លងមកនេះ ឯកឧត្តម ហ្វៃ សំអាង បានទម្លាយមុខមាត់បវរកញ្ញាខ្មែរល្បីទាំង៥រូប ដែលទទួលឱកាសសម្តែងក្នុងភាពយន្តខ្នាតធំនេះ ដោយក្នុងនោះមាន កញ្ញា ប៊ី សុធារី អតីតបវរកញ្ញា Miss Universe 2017 កញ្ញា រឿន ណាត បវរកញ្ញា Miss Universe 2018 កញ្ញា សេង រដ្ឋា អតីតបវរកញ្ញា Miss Grand 2020 កញ្ញា ប៉ូគឹមថេង សុតធីតា បវរកញ្ញា Miss Grand 2021 និងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញា Miss Grand 2022 សុទ្ធតែជាបវរកញ្ញាមានប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីមហាជន។
មិនទាន់អស់នោះឡើយ ឯកឧត្តមក៏បានបញ្ជាក់ថា នៅមានវត្តមានបវរកញ្ញាជាច្រើនទៀត តែបង្ហើបត្រឹមតែ៥ដួងសិន លើសពីនេះទៅទៀត សូម្បីតែតារាសម្តែងជើងចាស់ជា Super Star ៣ជំនាន់មកហើយ ក៏មកសម្តែងក្នុងភាពយន្តខ្នាតធំនេះដែរ ក្នុងនោះមាន លោកស្រី អម្ពរ ទេវី ជាតួអង្គព្រះនាម អ្នកអង្គម្ចាស់ស្ត្រី កាមល ជារាជនាដកាអប្សរា ជារាជគ្រូបង្ហាត់បង្ហាញព្រះកេរមរតកដ៏មហាអស្ចារ្យរបស់ជាតិខ្មែរ។ លោក ទេព រិនដារ៉ូ ជាតួអង្គបណ្ឌិតអក្សរសាស្ត្រ ឈ្មោះ ខីណាព្រាហ្មណ៍។ រាជនាដកាអប្សរា លង់ព្រះហទយ:ស្នេហ៍ស្និទ្ធបណ្ឌិតអក្សរសាស្ត្រ ចំណែកឯអ្នកនាង លី ម៉ារីណា សម្តែងជាតួអង្គនាងបារមី ដែលជានាដកាប្សរា មានចិត្តច្រណែន និន្ទាឈ្នានីសព្រោះតែបេះដូងរបស់នាងបានធ្លាក់ចូលទៅក្នុងជ្រោះស្នេហ៍របស់បណ្ឌិតអក្សរសាស្ត្រនោះដោយដកមិនរួច។
តួយ៉ាង មូលហេតុដែលធ្វើឲ្យកូនខ្មែរ មិនអាចមើលរំលងភាពយន្តមួយរឿងនេះ ដោយសារតែ តួអង្គសំខាន់ៗសុទ្ធតែសម្រិតសម្រាំង រើសយកតែតារាសម្តែងចាស់វស្សា មានបទពិសោធន៍ពេញពោះ រួមទាំងរូបសម្រស់ម្នាក់ៗផូផង់ កាន់តែធ្វើឲ្យមហាជនរំពឹងថា នឹងទទួលការចាប់អារម្មណ៍ខ្លាំងមិនខាន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖