បើកសាកល្បងបាន១០ថ្ងៃ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានយានយន្តចរាចរណ៍ជាង ១២ម៉ឺនគ្រឿង

ព្រះសីហនុ៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ​ដោយរាប់ចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ (ម៉ោង ៧:០០នាទីព្រឹក) ដល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ (ម៉ោង ២៤:០០នាទីយប់) មានយានយន្តចំនួន ១២៥.៩៩៨គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយបានចេញចូលតាមស្ថានីយទាំង ០៨ទីតាំង។

ក្រសួងបញ្ជាក់ថា ក្នុងចំណោមយានយន្តចំនួន ១២៥.៩៩៨គ្រឿង ដែលបានចរាចរណ៍រយៈពេល១០ថ្ងៃកន្លងមកនេះ មានករណីត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ៣៧៨ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩។

ជាមួយគ្នានោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ​ក៏ស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើរ​ប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕