កម្លាំងអន្តរាគមន៍សង់រោងស្នាក់នៅបណ្ដោះអាសន្ន ដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី
បន្ទាយមានជ័យ៖ កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានសាងសង់រោងស្នាក់នៅបណ្ដោះអាសន្ន ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញចុះត្រួតពិនិត្យ កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក វរសេនីយ៍ទៅ វិញ ស៊ីដូ នាយសេនាធិការរង សហការជាមួយ កម្លាំងកងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងសាងសង់រោងស្នាក់នៅបណ្ដោះអាសន្ន ត្រៀមសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងមកនៅទីទួលសុវត្ថិភាព កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។
គួរបញ្ជាក់ផងដែលថា ដោយភ្លៀងនៅតែបន្តធ្លាក់ខ្លាំង និងទឹកជំនន់ទាំងស្រុងបានធ្លាក់មកពីស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ទើបមានការស្នើរសុំ ពីគណៈបញ្ជាការឯកភាពខេត្ត ដើម្បីអោយកម្លាំងអន្តរាគមន៍ ជួយសាងសង់រោងស្នាក់នៅបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង។
ក្នុងនោះ កងកម្លាំងអន្តរាគមន៍ របស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលត្រៀមអន្តរាគមន៍ ក៏បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រេចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពរ របស់អាជ្ញាធរមូលដ្ឋាន ២៤ម៉ោង លើ២៤ម៉ោង៕