អាជ្ញាធរជាតិអប្សរា គ្រោងបិទផ្ទៃមុខអប្សរាដែលរបេះឡើងវិញ ពេលអាកាសធាតុអំណោយផល
អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យដឹងថា តាមរយៈនាយកដ្ឋានជំនាញ គ្រោងបិទផ្ទៃមុខអប្សរាដែលរបេះចេញពីរូបរាងឡើងវិញ នៅពេលអាកាសធាតុអំណោយផល ជារួមនៅពេលដែលទីតាំងថ្មដែលរបេះនោះស្ងួតល្អវិញ។
ចំពោះរឿងនេះ អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទតាព្រហ្ម លោក សោម ប៊ុនធឿន បានរាយការណ៍ថា ផ្ទៃមុខអប្សរាដែលបាត់នោះ ពុំមានអ្នកណាដាប់ ឬ លួចយកនោះទេ។ លោករំឭកថា កាលពីព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ ភ្នាក់ងារទេសចរណ៍បានប្រទះឃើញផ្ទៃមុខអប្សរា ដែលមានទីតាំងនៅជិតដើមត្រាង ដែលទេសចរចូលចិត្តផ្តិតរូបភាព ដោយសារមានឫសឈើធំតោងលើរោងទងប្រាសាទនោះ របេះចេញពីទីតាំងដើម និង បានរាយការណ៍ទៅផ្នែកពាក់ព័ន្ធ ពិសេសផ្នែកអភិរក្សដើម្បីមកពិនិត្យ ដែលក្រោយអ្នកជំនាញត្រួតពិនិត្យរួចឃើញថា រូបខាងលើគឺបានជ្រុះធ្លាក់ដោយសារអាយុកាល និង ធម្មជាតិ ពុំមែនជាសកម្មភាពរបស់មនុស្សលួចដាប់ឡើយ។
ទន្ទឹមនោះ លោកស្រី នេត ស៊ីម៉ន មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅប្រាសាទតាព្រហ្ម បានឱ្យដឹងថា តាមការវាយតម្លៃផ្ទៃមុខអប្សរានោះ គឺរបេះមកដោយខ្លួនឯង ដោយមានស្នាមប្រេះយូរហើយ តែគេមើលមិនឃើញ។ លោកស្រីបន្ថែមថា តាមការសង្កេតផ្ទៃថ្មដែលជាប់ជញ្ជាំង គឺមានកូនឫសឈើដើមត្រាងចាក់ចូល ហើយមានស្នាមប្រេះស្រាប់ផងនោះ ទើបឫសឈើវាបានផ្ទាត់រូបមុខអប្សរានោះឱ្យជ្រុះធ្លាក់។ យ៉ាងណា លោកស្រី នេត ស៊ីម៉ន បញ្ជាក់ថា ជាសំណាងល្អផ្ទាំងមុខអប្សរាបានជ្រុះទើរឬសឈើ មិនដូច្នោះទេ អាចឱ្យបែកដោយងាយ។
មន្រ្តីរូបនេះបញ្ជាក់ទៀតថា បច្ចុប្បន្នផ្ទៃមុខដែលជ្រុះនោះ ត្រូវបានរក្សាទុកនៅទីមានសុវត្ថិភាព និង រង់ចាំពេលវេលាអំណោយផល អាកាសធាតុល្អឡើងវិញ នោះក្រុមការងារភាគីឥណ្ឌា ដែលសហការជួសជុលប្រាសាទតាព្រហ្ម នឹងយកមកបិតឡើងវិញ៕