កម្ពុជាត្រៀមផលិតនាឡិកា២៥គ្រឿង ជាកាដូសម្រាប់មេដឹកនាំបណ្តាប្រទេស ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជា​ត្រៀមផលិតនាឡិការនៅក្នុងប្រទេសចំនួន២៥គ្រឿង ដាក់ម៉ាកអាស៊ាន ដើម្បីធ្វើជាកាដូសម្រាប់មេដឹកនាំបណ្តាប្រទេសធំៗ និងប្រទេសនានាចូលរួមកិច្ចប្រជុំកំពូល អាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។ នេះបើតាមការបញ្ជាក់​របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុង​ឱកាស​ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រៀមផលិតនាឡិកាម៉ាក Made in Cambodia ចំនួន ២៥គ្រឿង សម្រាប់ចែកជាកាដូជូនថ្នាក់ដឹកនាំកំពូលៗ នៃបណ្តាប្រទេសដៃគូដែលអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

​សម្ដេចតេជោ​បន្ថែមថា អាស៊ាន មានតែ១០ទេ ប៉ុន្ដែមានដៃគូច្រើន និងប្រធានស្ថាប័នពិភពលោក ដូចជា ប្រធានធនាគារពិភពលោក អគ្គនាយកមូលនិធិរូ បិយវត្ថុអន្តរជាតិ(IMF) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អគ្គនាយកអង្គការពាណិជ្ជកម្ម ពិភពលោក។ ទន្ទឹមនោះ ក៏មានវត្តមានប្រធានអង្គការសុខភាពពិភពលោក ប្រធានក្រុមប្រឹក្សា អឺរ៉ុប ប្រធានអង្គការសហប្រតិបត្តិការសៀងហៃ និងប្រធាន វេទិកាសេដ្ឋកិច្ចពិភពលោក ដែល សុទ្ធតែមកចូលរួមកិច្ចសន្ទនាសកលលើកទី២ នៅកម្ពុជា។

លើសពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានចេញបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ រឹតបន្តឹងការការពារសន្តិសុខឱ្យខ្ពស់បំផុត ដើម្បីការពារសន្តិភាព សុវត្ថិភាពដល់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន និងប្រទេស ផ្សេង ទៀត ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំ ពូលអាស៊ាននៅរាជធានីភ្នំពេញនៅ ខែវិច្ឆិកា ខាងមុខនេះ៕