កិច្ចប្រជុំសាមញ្ញលើកទី៤១របស់ក្រុមប្រឹក្សាខេត្តសៀមរាបត្រូវបានរៀបចំស្របទៅតាមប្រតិទិនដែលគ្រោងទុក
នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំ សាមញ្ញលើកទី៤១ ក្នុងឆ្នាំទី៤ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកានៃក្រុមប្រឹក្សាខេត្ត ព្រមទាំងវត្តមានចូលរួមរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត និង អស់លោកលោកស្រី ជាគណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង អាជ្ញាធរក្រុង ស្រុក និង នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត វិស័យ ឯកជនផងដែរ ។
ឆ្លងទៅតាមរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤១របស់ក្រុមប្រឹក្សាខេត្ត ដែលបានគ្រោងទុកនោះ សមាជិកក្រុមប្រឹក្សាខេត្ត បានធ្វើការពិនិត្យ ពិភាក្សា ព្រមទាំងបានលើកនូវចំណុចមួយចំនួន ពាក់ព័ន្ធលើការទៅចុះឈ្មោះបោះឆ្នោតនៅឃុំសង្កាត់ ,បញ្ហាទឹកជំនន់ និង ការគ្រប់គ្រងទឹកក្រោយពេលទឹកស្រក , អំពីបញ្ហាបាក់រលំដើមឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់១ និង តំបន់២ និងបញ្ហាផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ដែលរងការខូចខាត។
បន្ទាប់ពីបណ្តាមន្ទីរ អង្គភាពបានធ្វើការបកស្រាយបំភ្លឺរួចមក លោក ពិន ប្រាកដ អភិបាលរងខេត្ត ក៏បានធ្វើការ ណែនាំ និង ផ្តល់នូវអនុសាសន៍មួយចំនួន ដល់បណ្តាមន្ទីរ អង្គភាព ព្រមទាំងជំរុញដល់អាជ្ញាធរក្រុង ស្រុក លើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មានអាយុ១៨ ទៅចុះឈ្មោះបោះឆ្នោត និង ពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នាតតាមឃុំ សង្កាត់ ព្រមទាំងយកចិត្តទុកដាក់បងប្អូនដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីដ្ឋានអង្គរ ទៅទីតាំងថ្មីភូមិធម្មជាតិរុនតាឯក និង ជំរុញដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ដូសជម្រុញនៅតាមមណ្ឌលសុខភាពក្នុងមូលដ្ឋានខ្លួនផងដែរ ។
ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម អ៊ាន ឃុន ក៏បានលើកឡើងផងដែរ អំពីព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត រដ្ឋបាលខេត្តបានខិតខំបំពេញការងារ យ៉ាងយកចិត្តទុកដាក់ទាំង កិច្ចការរដ្ឋបាល,ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ការងារបរិស្ថាន ការសំអាតសួនតាមទីសាធារណៈ ការដោះស្រាយបញ្ហាប្រឈមនានា ការទប់ស្កាត់បទល្មើសផ្សេងៗ ការអនុវត្តបទបញ្ជានានារបស់រាជរដ្ឋាភិបាល និងការគ្រប់គ្រងគ្រោះមហន្តរាយដោយសារទឹកជំនន់ទឹកភ្លៀង ។ ក្រោមការដឹកនាំរបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុវត្តកិច្ចការសំខាន់ៗមួយចំនួន ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងដែលកើតមានឡើង ។ ក្នុងនោះឯកឧត្តម បានកោតសរសើរ និង ថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ គណៈអភិបាលខេត្ត លោក លោកស្រី ព្រមទាំងសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំងកាយ ស្មារតីក្នុងការអនុវត្តតួនាទី ភារកិច្ចបានយ៉ាងល្អប្រសើរ ។ កត្តាសំខាន់នោះ លើកការងារសន្តិសុខសង្គម ជូនដល់ថ្នាក់ដឹកនាំកំពូល ថ្នាក់ជាតិ អន្តរជាតិ ភ្ញៀវទេសចរណ៍ និង លើការបង្រ្កាបលុបបំបាត់នូវល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន ព្រមទាំងព្រឹត្តិការណ៍នៅចំការម្រេចភ្នំគូលែន និង បងប្អូនស្ម័ត្រចិត្តចាកចេញពីតំបន់រមណីដ្ឋានអង្គរ ទៅទីតាំងថ្មីភូមិធម្មជាតិរុនតាឯក ។
ឯកឧត្តមក៏បាន អបអរសាទរចំពោះការអនុវត្តការងារសេវាសង្គមឆ្នាំ២០២០-២០២១ ដែលខេត្តសៀមរាបទទួលបានពានរង្វាន់ជើងឯកលេខ១ នៅ ទូទាំងប្រទេស និង ឃុំបាគង ស្រុកប្រាសាទបាគងទទួលបានលេខ២ទូទាំងប្រទេស ដែលបានប្រកាសជ័យលាភី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅក្រសួងមហាផ្ទៃ ៕