Update៖ ករណីម៉ូតូកង់បី បើកកៀររថយន្ដ Rolls-Royce ពាក់ផ្លាកលេខ ពោធិ៍សាត់ 2D-7777 ដោះស្រាយបញ្ចប់ ដោយម្ចាស់រថយន្តមិនទាមទារសំណងឡើយ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ករណីរថយន្ដស៊េរីទំនើប Rolls-Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 2D-7777 ដែលត្រូវបានម៉ូតូកង់បីកៀរបណ្ដាលឲ្យរងនូវការខូចខាតអស់មួយចំហៀងផ្នែកខាងស្ដាំនោះ ម្ចាស់រថយន្ដសម្រេចមិនយកសំណងពីភាគីកង់បីទេ។
មន្ដ្រីនគរបាលខណ្ឌបឹងកេងកង បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ក្រោយកើតហេតុបន្ទាប់ពីជជែកគ្នាមួយសន្ទុះធំនោះ ម្ចាស់រថយន្ដស៊េរីទំនើប Rolls-Royce សម្រេចចិត្តបញ្ចប់រឿងរ៉ាវនៅកន្លែងកើតហេតុតែម្ដង ដោយមិនទាមទារឲ្យអ្នកបើកម៉ូតូកង់បីដឹកឥវ៉ាន់នោះ សងប្រាក់ចំពោះអ្វីដែលបានធ្វើឲ្យខូចខាតនោះឡើយ។ អ្នកបើកម៉ូតូកង់បី ក៏បានសុំទោសចំពោះកំហុសរបស់ខ្លួន និងអរគុណចំពោះទឹកចិត្តសណ្ដោប្រណី របស់ម្ចាស់រថយន្ដខាងលើ។
សូមបញ្ជាក់ផងដែរថា វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃខែដដែល រថយន្ដស៊េរីទំនើប Rolls-Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 2D-7777 ត្រូវម៉ូតូកង់បីដឹកឥវ៉ាន់បើកកៀរ បណ្ដាលឲ្យរងការខូចខាតអស់មួយចំហៀងផ្នែកខាងស្ដាំ ពេលរថយន្ត និងម៉ូតូកង់បីកំពុងធ្វើដំណើរស្របទិសគ្នា ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំពោះរថយន្ដដែលត្រូវបានប្រជាពលរដ្ឋឃើញរូបភាពដែលចតបញ្ច្រាសនៅជាប់របងវត្តនោះ គឺម្ចាស់រថយន្ដជាអ្នកបើកយកទៅចតក្រោយកើតហេតុ ដើម្បីចៀសវាងការកកស្ទះចរាចរណ៍។ ខណៈនៅពេលកើតហេតុ ទាំងរថយន្ដ និងម៉ូតូកង់បី គឺបើកបរស្របទិសគ្នា។ ចំពោះអត្តសញ្ញាណរបស់ម្ចាស់រថយន្ដ Rolls-Royce ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យស្គាល់នោះទេ៕