ស្នងការស្រាយបំភ្លឺហើយ ករណីស្ត្រី ៣ នាក់ក្នុងវីដេអូ គឺត្រឹមអប់រំប៉ុណ្ណោះ ពុំមានការបង់ផាកពិន័យឡើយ

កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ តាមរយៈគណនីបណ្ដាញសង្គមមួយ មានឈ្មោះ Leng Barang បានបង្ហោះវីដេអូ ព្រមទាំងសរសេរខ្លឹមសារថា ៖ «ជឿហើយខ្មែរអាចធ្វើបានមែន វីដេអូនេះផ្ញើជូនអ្នកអត់លុយហើយចង់ជិះម៉ូតូបែរទៅបង់រំលស់ម៉ូតូពីក្រុមហ៊ុនអត់ស្លាកលេខ សមត្ថកិច្ចមិនអនុគ្រោះទេ នេះហើយពាក្យស្លោកដែលថា (កាត់បន្ថយភាពក្រីក្រ) គឺកាត់អ្នកក្រឲ្យស្លាប់អស់ទុកតែអ្នកមាន»

ទាក់ទិនទៅនឹងវីដេអូខាងលើ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយបំភ្លឺ និង បដិសេធចំពោះការចុះផ្សាយខុសពីការពិតចំពោះករណីនេះ ដែលជាក់ស្តែងកាលពីខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ មន្ត្រីចរាចរណ៍ និង កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់ចំណុចស្ពានទឹកថ្លា ផ្លូវជាតិលេខ ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

លុះប្រហែលជាម៉ោង ០៩:០០ នាទី ក៏មានបុរសម្នាក់បានបើកម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខឆ្លងកាត់គោលដៅ ក៏សមត្ថកិច្ចហៅឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យរកឯកសារផ្សេងៗ រួចមិនបានធ្វើការផាកពិន័យនោះទេ គ្រាន់តែធ្វើការណែនាំអប់រំ ហើយឱ្យបន្តដំណើរទៅមុខទៀត ប៉ុន្តែបុរសម្នាក់នោះមិនទាន់បានទៅភ្លាមនោះទេ ហើយក៏មាននារី ០៣ នាក់ ជិះម៉ូតូម៉ាកហុងដា ១២៥ ពណ៌ខ្មៅ ពាក់មួកសុវត្ថិភាពចំនួន ០២ នាក់ គ្មានពាក់មួកសុវត្ថិភាពម្នាក់ ក៏មន្ត្រីចរាចរណ៍ហៅឱ្យឈប់ដើម្បីធ្វើការផាកពិន័យតាមច្បាប់។

ក្រោយពីសមត្ថកិច្ចសរសេរបណ្ណផាកពិន័យផ្តិតមេដៃរួចនារី ០៣ នាក់នោះ មិនមានលុយបង់ផាកពិន័យទេ ក៏សមត្ថកិច្ចឱ្យបន្តដំណើរទៀត ដោយមិនបានធ្វើការបង់ផាកពន័យឡើយ គឺត្រឹមធ្វើការណែនាំអប់រំ។ លុះពេលនារី ០៣ នាក់នោះដើរចេញពីគោលដៅ ស្រាប់តែបុរសខាងលើ បានលួចថតវីដេអូពីសកម្មភាព រួចប្រាប់នារីទាំង ០៣ នាក់ ឱ្យទាមទារយកបណ្ណផាកពិន័យពីសមត្ថកិច្ចដដែលៗ ដោយមិនបានដឹងថានារី ០៣ នាក់នោះ សមត្ថកិច្ចមិនបានធ្វើការផាកពិន័យនោះទេ៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖