មនុស្សប្រុសស្រី ចំនួន៣នាក់ មានស្ត្រីចំណាស់ម្នាក់ ជាមន្ត្រីបម្រើការងារនៅសាលាខណ្ឌមានជ័យ និងបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ២នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ
ភ្នំពេញ ៖ កាលពី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង តាមបណ្តោយមហាវិថីសម្តេចតេជោ ( ផ្លូវ៦០ម៉ែត្រ ) ទល់មុខច្រកចូលសាលាខណ្ឌមានជ័យ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើល ។
ជនរងគ្រោះទាំង៣នាក់ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ គ្រាន់ដឹងថា ក្នុងចំណោមអ្នកទាំង៣ មានបុរសម្នាក់ និងស្ត្រីម្នាក់ ជាមន្ត្រីបម្រើការងារនៅសាលាខណ្ឌមានជ័យ ត្រូវជាប្តីប្រពន្ធនឹងគ្នា ។
នៅមុនកើតហេតុ គេសង្គេតឃើញប្តីប្រពន្ធ២នាក់ ដែលស្ត្រីជាប្រពន្ធជាមន្ត្រីសាលាខណ្ឌមានជ័យ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB – 9545 ជិះឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ។
ប្រភពដដែលបានបន្តថា លុះដល់ចំណុចកើតខាងលើ ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុកដាឌ្រីម ដូចគ្នា ប៉ុន្តែស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1R-1805 ធ្វើដំណើរគ្នាក្នុងទិសដៅបញ្ច្រាសគ្នា ក៏បានបើកបុ.កម៉ូតូប្តីប្រពន្ធយ៉ាងពេញទំហឹងតែម្តង បណ្តាលអោយទាំងម៉ូតូ និងមនុស្សអូសខ្ទាតប្រមាណ១០ម៉ែត្រ រងរបួសធ្ងន់ទាំង៣នាក់ ក្នុងនោះ២នាក់ ( ម្នាក់ជាស្ត្រី និងម្នាក់ទៀតភាគីដែលបើកបុ.ក) រងរបួសធ្ងន់ សន្លប់ស្តូកស្តឹងទាំង២នាក់ ។
កម្លាំងនគរបាលមូលដ្ឋាន រួមទាំងកម្លាំងជំនាញ បានចុះអន្តរាគមន៍ ធ្វើការវាស់វែង អូសយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕