ស្អែកនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត ៤ពាន់នាក់
(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
និស្សិតជ័យលាភីខាងលើ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នារី ៤៧នាក់ផងដែរ។
លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានលើកឡើងថា វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ក្នុងពិធីប្រគល់សញ្ញាបត្រនេះ គឺពិតជាបានឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ចំពោះវិស័យអប់រំ ដែលជាវិស័យអាទិភាព ក្នុងការកសាងធនធានមនុស្ស ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ នៅលើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាព ដែលកម្ពុជាបាននិងកំពុងទទួលនូវផ្លែផ្កាគួរជាទីមោទនៈបំផុត។
សូមបញ្ជាក់ថា វិទ្យាស្ថានវ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ បច្ចុប្បន្នមានទីតាំង សរុបចំនួន ៣កន្លែង កំពុងដំណើរការ ក្នុងនោះ ១កន្លែងនៅរាជធានីភ្នំពេញ, ១កន្លែងនៅខេត្តសៀមរាប, និង ១កន្លែងទៀត នៅខេត្តបាត់ដំបង។ ក្នុងឆ្នាំសិក្សា២០២១-២០២២ នេះ វិទ្យាស្ថានវ៉ាន់ដា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យចំនួន ៩៧១នាក់ នារី ៣៨១នាក់, មាននិស្សិតកំពុងសិក្សា សរុបចំនួន ១១,១៧៨នាក់ នារី ១០,០៧៥នាក់។ ចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ ឆ្នាំសិក្សា២០២0-២០២១ កន្លងមកនេះ និស្សិតគ្រប់កម្រិតបានបញ្ចប់ការសិក្សា ដោយគិតទាំងជ័យលាភីនេះផង សរុបចំនួន ៤២,១៨១នាក់ នារី ៣៥,០៧៦នាក់ ៕