ជូនដំណឹងអំពីការប្រកាសអាសន្ន ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី មេត្តាជ្រាបថា…..

បន្ទាយមានជ័យៈ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ជូនដំណឹងអំពីការប្រកាសអាសន្ន ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី មេត្តាជ្រាបថា ដោយពិនិត្យស្ថានភាព ជាក់ស្តែង ឃើញថា ទឹកជំនន់ កំពុងហក់ឡើងយ៉ាងគំហុក ពីស្រុកខ្សែទឹកខាងលើ ក្នុងភូមិសាស្ត្របវេល នៃខេត្តបាត់ដំបង និងបូកន្ថែមដោយភ្លៀង ធ្លាក់ជាបន្តបន្ទាប់ ធ្វើឱ្យទឹកស្ទឹង ឡើងខ្ពស់បំផុត ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានបន្ថែមថា ” ហេតុនេះ ក្នុងនាម គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី មានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសកូនក្មេងតូចៗ មនុស្សចាស់ អ្នកពិការភាព ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ សម្ភារសង្គ្រោះ ដូចជាទូក កាណូត អាវពោង និងរកទីទួលសុវត្ថិភាពជាដើម ” ។

ក្នុងសេចក្ដីជូនដំណឹងនោះ រដ្ឋបាលស្រុក បានដាក់ឱ្យភ្ជាប់ទំនាក់ទំនងថា ករណីចាំបាច់ សូមទាក់តាមទូរសព្ទលេខ ០១២ ៥០០ ០៨៣ / ០៧៧ ២៣ ៤៨៤៨ / ០១២ ៤២០ ៣៩៦ / ០១២ ៥៩១ ៨៣៧ / ០១២ ៤៥០ ០៣៤ ។

ចំណែករដ្ឋបាលស្រុកបវេល ខេត្តបាត់ដំបង ក៏បានប្រកាសដល់ពលរដ្ឋ ក្នុងភូមិសាស្ត្រ របស់ខ្លួន ស្រដៀងគ្នានេះដែរ ។ ពោលគឺ នៅពេលរបបទឹក ពីប្រភពស្ទឹងនេះ នៅក្នុងប្រទេសថៃ និងមានភ្លៀងធ្លាក់ ក្នុងភូមិសាស្ត្រនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្រុកកំរៀង ភ្នំព្រឹក បវេលខេត្តបាត់ដំបង និងស្រុកមង្គលបូរីបន្ទាយមានជ័យ ដែលបង្កពី ឥទ្ធិពលព្យុះណូរូ កន្លងមក និងឥទ្ធិពលជ្រលងសម្ពាធទាប ក្នុងតំបន់ នាពេលនេះ ។

សូមរំលឹកដែរថា ទឹកជំនន់ស្ទឹងមង្គលបូរី ក្នុងភូមិសាស្ត្រស្រុកមង្គលបូរី កន្លងទៅ និងមកទល់ឥឡូវនេះ បានបង្កផលប៉ះពាល់ លើពលរដ្ឋជិត ១០០ គ្រួសារ នៅឃុំបត់ត្រង់ និង ឃុំសឿ ក្នុងនោះ ប្រជាពលរដ្ឋរងគ្រោះ បានត្រូវជម្លៀសទៅស្នាក់នៅ ទីទួលសុវត្ថិភាព មាន ៤៥ គ្រួសារ នៅឃុំបត់ត្រង់ និងជិត ២០ គ្រួសារ នៅឃុំសឿ៕