លោកគ្រូ យូរ៉ាយ ទម្លាយថា មានមូលហេតុ ២ យ៉ាងសំខាន់ ដែលធ្វើឱ្យលោកចង់ចូលសញ្ជាតិខ្មែរឱ្យបាន

ប្រិយមិត្តមួយចំនួន ប្រាកដជាបានជ្រាបហើយកាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ លោកគ្រូ យូរ៉ាយ ដែលត្រូវបានគេស្គាល់ថាជាគ្រូបង្រៀនមួយរូបនៃអង្គការមួយនៅកម្ពុជា លោកទទួលបានសញ្ជាតិកម្ពុជាហើយ ក្រោយពីការង់ចាំអស់រយៈពេល ២០ ឆ្នាំ ដោយលោកបានពោលបញ្ជាក់ថា ៖ «ថ្ងៃដែលខ្ញុំរង់ចាំអស់ ២០ ឆ្នាំគឺមកដល់ហើយ។ ខ្ញុំជាជនជាតិខ្មែរ ខ្ញុំសន្យាថានឹងលើកតម្កើងអ្វីដែលជារបស់ខ្មែរពេញមួយជីវិត»

យ៉ាងណាមិញ មកដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ តាមរយៈគណនីផ្ទាល់របស់លោកបានបង្ហោះវីដេអូ ព្រមទាំងបញ្ជាក់ពីមូលហេតុធំៗ ២ ដែលលោកចង់ចូលសញ្ជាតិខ្មែរបែបនេះថា «ទី ១ ខ្ញុំស្រឡាញ់ស្រុកខ្មែរយូរណាស់ហើយ ស្រឡាញ់ប្រជាជន ស្រឡាញ់របៀបរស់នៅ ស្រឡាញ់ប្រវត្តិសាស្ត្រ ស្រឡាញ់ទំនៀមទម្លាប់ប្រពៃណីទាំងអស់ ហើយជាកន្លែងដែលល្អសម្រាប់ខ្ញុំ គ្មានប្រទេសណាផ្សេងមានក្ដីសុខក្នុងការរស់នៅ»

ពោលដោយស្នាមញញឹម ចំពោះមូលហេតុទី​ ២ លោកគ្រូយូរ៉ាយបានរៀបរាប់ថា ៖ «ខ្ញុំចង់ឱ្យបងប្អូនខ្មែរមើលឃើញថា ខ្លួនឯងមានពរណាស់ដែលបានកើតជាកូនខ្មែរ ជួនកាលខ្លួនឯងនៅស្រុកខ្មែរអ៊ីចឹង ដែលបងប្អូនខ្មែរមិនដឹងថា គួរតែសប្បាយចិត្ត មានកិត្តិយសដែលខ្លួនឯងជាខ្មែរ អ៊ីចឹងចង់ឱ្យមើលឃើញថា សូម្បីតែអ្នកមកពីអាមេរិក ក៏ចង់ឱ្យខ្លួន​ឯងជាខ្មែរដែរ»

គួរឱ្យដឹងផងដែរថា ជារឿយៗលោកគ្រូ យូរ៉ាយ តែងតែបង្ហាញសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនបន្ទាប់ពីលោកមករស់នៅប្រទេសកម្ពុជាច្រើនឆ្នាំ ហើយបានជំពាក់ចិត្តស្រឡាញ់ដែនដីកម្ពុជាជាខ្លាំង ព្រមទាំងអាចប្រើប្រាស់ភាសាខ្មែរបានយ៉ាងល្អ សូម្បីពាក្យគ្រាមភាសាក៏លោកអាចនិយាយបានដែរ ធ្វើឱ្យពលរដ្ឋខ្មែរសរសើរមិនដាច់ពីមាត់៕

 

សូមចុចទីនេះដើម្បីទស្សនាវីដេអូ