វ៉ាន់ នីឡា បង្ហើបថានាងមានជំងឺគួរឱ្យបារម្ភមួយ ក្រោយសម្រាលកូន

គិតមកដល់ពេលនេះ តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បានធ្វើជាម្ដាយរបស់គេយ៉ាងពេញលេញបាន ១ សប្ដាហ៍ហើយ ដោយតារាស្រីរូបនេះបានសម្រាលកូនស្រីដ៏ស្រស់ស្អាត និង គួរឱ្យស្រឡាញ់ប្រកបដោយសុវត្ថិភាពកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ។

ក្នុងកំលុងពេលសម្រាលកូនស្រីដំបូងនេះ វ៉ាន់ នីឡា ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីឪពុកម្ដាយ ញាតិមិត្តបងប្អូន ជាពិសេសនាងទទួលបានការថ្នាក់ថ្នមទ្វេដងពីស្វាមីសំណព្វចិត្ត ប៉ុន្ដែ វ៉ាន់ នីឡា បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើល ក៏ដូចជាព្រួយបារម្ភចំពោះនាងមិនតិចឡើយ ក្រោយតារាកំប្លែងវ័យក្មេងរូបនេះបង្ហើបថា នាងហាក់ដូចជាមានអារម្មណ៍ថាបាក់ទឹកចិត្តក្រោយពេលផ្ដល់កំណើតឱ្យកូនស្រីរួច។

វ៉ាន់ នីឡា បានរៀបរាប់នៅលើ IG Story របស់ខ្លួនយ៉ាងគួរឱ្យព្រួយបារម្ភថា ៖ «អាការក្រោយសម្រាលមានអារម្មណ៍ដូចបាក់ទឹកចិត្ត! ហេតុអីកំពុងតែអត់យល់អារម្មណ៍ខ្លួនឯងពេលនេះ ម៉ាក់ប៉ាក៏នៅជិត ប្ដីក៏នៅក្បែរ បងប្អូនក៏មកលើកទឹកចិត្ត … តែហេតុអីនៅតែមានអារម្មណ៍ហ្នឹងកើតឡើង?»

ទោះបីជាកូនស្រីលោកតា វ៉ិចទ័រ រូបនេះបង្ហើបថា នាងហាក់ដូចជាមានអារម្មណ៍បាក់ទឹកចិត្តក៏ដោយ ប៉ុន្ដែនោះមិនទាន់ធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភខ្លាំងឡើយ ព្រោះថា វ៉ាន់ នីឡា មានស្វាមី ឪពុកម្ដាយ បងប្អូននៅក្បែរ និង ផ្ដល់កម្លាំងចិត្តឱ្យជានិច្ច៕