ចូលរួមសោកស្ដាយ! ពិធីករ ទ្រី ដារ៉ាវុធ ជួបទុក្ខធំបាត់បង់មនុស្សជាទីស្រឡាញ់ក្នុងគ្រួសារ

នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានសម្ដែងនូវការសោកស្ដាយ និង រំលែកទុក្ខជាមួយតារាសម្ដែងប្រុស និងជាពិធីករ លោក ទ្រី ដារ៉ាវុធ យ៉ាងខ្លាំង ដែលលោកកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីគោរពស្រឡាញ់ក្នុងគ្រួសារ គឺជីដូនបង្កើតរបស់លោកបានទទួលមរណភាពហើយ។

នេះបើតាមបណ្ដាញសង្គមរបស់ លោក ទ្រី ដារ៉ាវុធ ដែលបានរៀបរាប់យ៉ាងរំជួលចិត្តថា ៖ «ក្នុងពេលនេះក្រុមគ្រួសារយើងខ្ញុំកំពុងមានទុក្ខ ដែលបានបាត់បងមនុស្សជាទីគោរពស្រលាញ់ ហើយ ខ្ញុំបាទសូមអរព្រះគុណ ដល់ព្រះចៅអធិការវត្ត ព្រែកបង្កង សម្រាប់ការនាំយកទាំងសម្ភារៈ ផ្កាស្រស់ និង រៀបចំដោយផ្ទាល់ ក្នុងការរៀបចំពិធីបុណ្យសពជីដូនខ្ញុំព្រះករុណា និង សូមអរគុណដល់បងប្អូនគ្រប់ទិសទីដែលបានចូលរួមរំលែកទុក្ខដោយផ្ទាល់ និង ពីចម្ងាយ ហើយក៏សូមអធ្យាស្រ័យដល់បងៗ ក្រុមការងារសម្រាប់ការអវត្តមានក្នុងការថតផ្សេងៗ ដោយក្តីគោរព និង អនុគ្រោះ»។

ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងបានចូលរួមរំលែកទុក្ខដល់លោក និង ក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ៕