រដូវបុណ្យទាន! រាជរដ្ឋាភិបាល ដាក់ឲ្យដំណើរការខ្សែរថភ្លើង ដឹកអ្នកដំណើរទៅលេងស្រុកកំណើត៤ថ្ងៃ ដោយមិនគិតថ្លៃ
ភ្នំពេញ៖ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុនរ៉ូយ៉ាលរេលវេ (Royal Railway) នឹងរៀបចំដាក់ឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយមិនបង់ប្រាក់ រយៈពេល០៤ថ្ងៃ ដោយចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជួយសម្រួលបន្ទុកដល់ចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌនេះ។
សូមបញ្ជាក់ថា ចំពោះសំបុត្រសម្រាប់ការធ្វើដំណើរតាមរថភ្លើងនេះ នឹងចែកជូនផ្ទាល់នៅស្ថាននីយរាជាស្ម័នយាន (ស្ថាននីយរថភ្លើងភ្នំពេញ) និងតាមស្ថានីយនៃបណ្តាខេត្តរយៈពេល០២ថ្ងៃ មុនថ្ងៃធ្វើដំណើរ ចាប់ពីម៉ោង ០៧៖០០នាទី រហូដដល់ម៉ោង ១៧៖០០នាទីល្ងាច៕