ផ្ទុះការសរសើរ! លូទឹកស្អុយនៅសៀមរាប ម្តុំសណ្ឋាគារសុខា ប្រែស្អាត ទឹកថ្លា គ្មានក្លិនស្អុយ
កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនផ្ទុះការសរសើរយ៉ាងខ្លាំង ក្រោយពីឃើញការបង្ហោះរូបភាពនៃមុខមាត់ថ្មីលូទឹកស្អុយនៅខេត្តសៀមរាប ពីកន្លែងកខ្វក់ក្លិនស្អុយមកជាកន្លែងមួយដែលគួរជាទីចាប់អារម្មណ៍នៃមហាជនឱ្យមកទស្សនា។
នេះបើយោងតាមគណនីហ្វ៊េសប៊ុកឈ្មោះ Rasmey Ly បានធ្វើការបង្ហោះរូបប៉ុន្មានសន្លឹកទាក់ទងនឹងការកែប្រែប្រព័ន្ធលូទឹកស្អុយនៅកណ្ដាលក្រុងសៀមរាប ឱ្យមកមានសោភណ្ឌភាពស្រស់ស្អាត គ្មានក្លិនស្អុយ ជាមួយនឹង caption ថា ៖ «បោះ បោះកាក់ ញីឈ្មោល ក្នុងអាងកោងកាងសាងស្នេហ៍ សូមឱ្យមានសេចក្តីសុខចម្រើនរុងរឿងក្នុងក្រុមគ្រួសារ។ ក្រោមការដឹកនាំរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ អតីតប្រឡាយទឹកស្អុយមួយកន្លែងដែលមានទទឹង ៥ ម៉ែត្រ ប្រវែង ៦៣០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៦ ចំណុចមុខសណ្ឋាគារសុខា ឆ្ពោះទៅវិថីព្រះសង្ឃរាជ ទេព វង្ស ជិតផ្សាររាត្រី ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលប្រជាពលរដ្ឋនៅទីនោះតែងថ្ងូរថាមានក្លិនស្អុយខ្លាំង ប៉ះពាល់ដល់សុខភាព ជីវភាពរស់នៅ និង បរិស្ថានយ៉ាងខ្លាំងនៅតំបន់នេះ ត្រូវបានធ្វើការកែលម្អមកជាផ្លូវសម្រាប់ថ្មើរជើង និង ក្លាយជាផលិតផលទេសចរណ៍ថ្មីមួយទៀតក្នុងទឹកដីអង្គរ»។
ម្ចាស់គណនីខាងលើនេះបានបន្ថែមទៀតថា ៖ «ការកែប្រែពីកន្លែងអវិជ្ជមានដែលមានក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថាន ទៅជាកន្លែងដែលមានបរិយាកាសល្អ គឺជាការគិតគូរដល់សុខមាលភាពនគរូបនីយកម្មក្រុង និង ការស់នៅរបស់អ្នកក្រុងសៀមរាប មានភាពល្អប្រសើរ ជាពិសេសទាក់ទាញភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត ពីផ្លូវជាតិលេខ ៦ ឆ្ពោះទៅកាន់ផ្សាររាត្រី និង ទីកន្លែងដទៃទៀតក្នុងក្រុងសៀមរាប ជំរុញឱ្យកាន់តែមានភាពចម្រុះសម្បូរបែបលើគោលដៅទេសចរណ៍ និង ធ្វើឱ្យមានសុខដុមនីយកម្មផ្នែកនគរូបនីយកម្មក្រុង សមស្របជាទីកន្លែងពេញនិយមសម្រាប់អ្នកទេសចរជាតិ និង អន្តរជាតិ»។
ស្របគ្នានេះដែរ ម្ចាស់គណនីដដែលនេះក៏បានមានមតិផ្ទាល់ខ្លួនទៀតថា ៖ «បន្ទាប់ពីបញ្ចប់ភារកិច្ចដ៏ធំនៅក្រុងព្រះសីហនុ និង ក្រុងសៀមរាប ខ្ញុំមានគោលបំណងធំចំនួនពីរគឺ ១- គឺចង់ចូលរួមស្តារ និង កែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុងភ្នំពេញ ឱ្យស័ក្តិសមនឹងការរីកចម្រើនផ្នែកនគរូបនីយកម្ម ដែលបច្ចុប្បន្នមានអគារល្អៗជាច្រើនកំពុងតែបង្ហាញខ្លួនក្នុងទេសភាពនគរូបនីយកម្មក្រុងឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ តែផ្នែកហេដ្ឋារចនាសម្ព័ន្ធក្រុងហាក់មិនទាន់មានភាពរីកចម្រើនសមស្របនៅឡើយ ២- ចូលរួមសិក្សាប្លង់មេតំបន់អរិយក្សត្រ ដែលជាចំណែកមួយដ៏សំខាន់ក្នុងការធ្វើសមាហរណកម្មភ្ជាប់ជាមួយរាជធានីភ្នំពេញនាពេលអនាគត។ សូមអញ្ជើញបងប្អូនធ្វើដំណើរកំសាន្តដោយរីករាយ!»។
គួរបញ្ជាក់ផងដែរថា សៀមរាបគឺជាខេត្តមួយដែលមានភាពទាក់ទាញខ្លាំងសម្រាប់ភ្ញៀវទេសចរ ទាំងភ្ញៀវជាតិ និង អន្តរជាតិ បន្ទាប់ពីឃើញរូបថតទាំងនេះហើយ អ្នកនិយមលេងបណ្ដាញសង្គមហ៊្វេសប៊ុកមួយចំនួនបានបញ្ចេញមតិ និង ធ្វើការស៊ែរចែករំលែកបន្ត ដោយបញ្ជាក់ពីអារម្មណ៍ចង់ទៅទស្សនាខេត្តសៀមរាបឆាប់ៗនេះ៕
រូបភាព៖ Rasmey Ly