សម្ដេច​ក្រឡាហោម ស ខេ​ង ចាត់​មន្ត្រីជាន់ខ្ពស់​មួយ​រូប​ ដឹកនាំបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូ​ទាំង​ប្រទេស

រាជធានី​ភ្នំពេញ ៖ លិខិត​បង្គាប់ការ​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២​នេះ បាន​ចាត់​ឲ្យ​ឯកឧត្តម​សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ត្រូវ​ដឹកនាំ​ក្រុមការងារ ដើម្បី​សហការ​បង្ក្រាប​ល្បែងស៊ីសង់​ខុសច្បាប់​គ្រប់​ប្រភេទ ទូ​ទាំង​ប្រទេស​កម្ពុជា ។

លិខិត​បង្គាប់ការ​នេះ មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃ​បញ្ចប់​បេសកកម្ម ។

ការ​ចាត់​ឲ្យ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដឹកនាំ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​ទូ​ទាំង​ប្រទេស​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​សារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន បាន​រាយការណ៍​ជា​បន្តបន្ទាប់ ជុំវិញ​ការ​បើក​ល្បែងស៊ីសង តាម​បណ្ដា​ភូមិ​ឃុំ ដូច​ជា ល្បែង​ប្រជល់​មាន់​តាម​អន​ឡាញ ល្បែងភ្នាល់​បាល់ បៀរ​អាប៉ោង និង​ល្បែង​ឡូ​តូ​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម រហូត​ដល់​មាន​តារា​ល្បី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា ក្លាយជា​អ្នក​ផ្សព្វផ្សាយ​ឲ្យ​ក្រុម​បើក​ល្បែងស៊ីសង​តាម​អន​ឡាញ ថែម​ទៀត​ផង ៕