រថយន្តស្លាកលេខខេមរភូមិន្ទ តែជនជាតិចិន ជាអ្នកបើកទៅបុករបាំងថ្មចែកទ្រូងផ្លូវ មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ!


រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តកាមរីឆ្លាម ស្លាកលេខ ខេមរភូមិន្ទ បុករបាំងថ្មចែកទ្រូងផ្លូវ បណ្តាលវៀច១កង់ រថយន្តខ្ទេចផ្នែកខាងមុខទៅលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្កូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តកាមរីឆ្លាមមួយគ្រឿង ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ​ខេមរភូមិន្ទ 09-2-8500 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែករបាំងថ្មចែកទ្រូងផ្លូវវៀច១កង់ បន្ទាប់មកម្ចាស់រថយន្តបង្កបានបើកទ្វារចេញពីរថយន្តគេចខ្លួនបាត់បន្សល់រថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕