អីយ៉ា! ទៅដល់អាមេរិក នៅ ស៊ីនឿន ប្រកាសរៀបចំកម្មវិធីពិសេស

នៅ ស៊ីនឿន ប្រកាសរៀបការជាថ្មី ក្នុងខែកញ្ញានេះ នៅសល់ប្រមាណជាជាង ៣ ខែ ទៀតប៉ុណ្ណោះ តារាចម្រៀង នៅ ស៊ីនឿន និង ភរិយា បានចាប់ដៃគ្នាចូលរោងការសាងគ្រួសារយ៉ាងមានសុភមង្គលបាន ១ ឆ្នាំហើយ។ ក្នុងនោះ មហាជនក៏បានដឹងថា ភរិយារបស់លោក នៅ ស៊ី នឿន ជាអនិកជនមានកំណើតនៅឯសហរដ្ឋអាមេរិកផងដែរ។

យ៉ាងណា ក្រោយពីរៀបការជិត ១ ឆ្នាំ កាលពីចុងខែសីហា ឆ្នាំ ២០២២ កន្លងទៅ លោក នៅ ស៊ីនឿន បានសម្រេចលាអ្នកម្តាយបង្កើតនៅឯកម្ពុជាមួយរយៈ ដើម្បីជូនភរិយាបណ្តូលចិត្តទៅកាន់ស្រុកកំណើតនៅឯសហរដ្ឋអាមេរិកជួបជុំក្រុមគ្រួសារ ក្រោយពីនាងបានចាកឆ្ងាយអស់រយៈពេលជិត ៤ ឆ្នាំ នោះ។

ការចាកចេញជូនភរិយាទៅកាន់សហរដ្ឋអាមេរិកនេះដែរ លោក នៅ ស៊ីនឿន ក៏មិនបានបញ្ជាក់ថាមានរយៈពេលប៉ុន្មាននោះទេ តែយ៉ាងណាអាចនឹងប្រើពេលវេលាយូរទម្រាំតែត្រលប់មកកម្ពុជាវិញ ក៏ព្រោះតែភរិយារបស់លោកនឹករឮកស្រុកកំណើតខ្លាំងណាស់។

ក្រោយពីបានទៅដល់ទឹកដីអាមេរិកប្រមាណជាង កន្លះខែហើយនោះ លោក នៅ ស៊ីនឿន ក៏បានចំណាយពេលជួបជុំឪពុកម្តាយក្មេក និង ក្រុមគ្រួសារខាងភរិយាយ៉ាងមានសុភមង្គល។ លើសពីនោះ លោក នៅ ស៊ីនឿន ក៏បានឱ្យដឹងថា លោក និង ភរិយានឹងរៀបចំកម្មវិធីមង្គលការជាថ្មី លើទឹកដីរដ្ឋកាលីហ្វ័រញ៉ា នាខែវិច្ឆិកា ឆ្នាំ ២០២២ នេះ៕