រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាធ្វើយ៉ាងណា ដោះស្រាយ និងកាត់បន្ថយឱ្យបានពីការលិចលង់ ដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌច្បារអំពៅ
ភ្នំពេញ៖ កិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ទីជំនាញពាក់ព័ន្ធ នាថ្ងៃទី១៣ កញ្ញា ឆ្នំា២០២២នេះ នៅរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើតគណៈកម្មការមួយ ដែលគណៈកម្មការនេះ ត្រូវសិក្សានៅតំបន់ច្បារអំពៅនេះ ឲ្យបានម៉ត់ចត់ ។ ក្រោយការសិក្សាបញ្ចប់ យើងនឹងធ្វើការស្ថាបនា លូ ប្រឡាយ ក៏ដូចជា ស្ថានីយបូមទឹក ដើម្បីរំដោះទឹក នៅតំបន់លិចលង់ នៅក្នុងខណ្ឌច្បារអំពៅនេះ។
គណៈកម្មការ នឹងសិក្សាទៅលើទីតាំង ចំនួន៤សំខាន់ៗ នៅក្នុងនោះ រួមមាន ការសិក្សាទីតាំងព្រែកអ្នកតាវាំង ព្រែកតាអេវ ព្រែកប្រា និងព្រែកបារាំង ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា អង្គការចៃកា បានសិក្សាបង្កើតជាប្លង់គោល នៅក្នុងខណ្ឌច្បារអំពៅ នេះរួចហើយ សម្រាប់ឆ្នាំ២០៣៥។ ដូច្នេះក្រុមការងារ ក៏ដូចជា គណៈកម្មការ ត្រូវចុះសិក្សាដោយយក ប្លង់មេរបស់ចៃកា ឆ្នាំ២០៣៥ នេះ ជាគោល។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការដោះស្រាយបញ្ហាទឹកលិច នៅក្នុងខណ្ឌច្បារអំពៅ ជាបណ្ដោះអាសន្ន នៅរដូវវស្សានេះ ត្រូវតែធ្វើ ដោយលោក ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរខណ្ឌ ក៏ដូចជា មន្ទីរជំនាញ ចុះទៅទីតាំងជាក់ស្ដែង ខណៈមានភ្លៀងធ្លាក់ខ្លាំង ដើម្បីឲ្យដឹងពីទំហំ នៃការលិចលង់ ហើយយើងរួមគ្នាដោះស្រាយជាបន្ទាន់ ជូនប្រជាពលរដ្ឋតែម្តង។
លោក សាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីដោះស្រាយផ្លូវទឹក តំបន់ផ្ទៃរងទឹកភ្លៀងនីមួយៗ នៅក្នុងខណ្ឌច្បារអំពៅនេះ ឱ្យចៀសផុតពីការលិច ទឹកភ្លៀង នៅរដូវវស្សានេះ ត្រូវអនុវត្តវិធាន ក្នុងនោះមាន យើងមានវិធានការបន្ទាន់មួយ ដោយជីកប្រឡាយស្របផ្លូវ ៣០ម៉ែត្រ ទទឹង២០ ម៉ែត្រ ភ្ជាប់ពីបឹងមកបឹងថ្កុល បន្តទៅប្រឡាយព្រែកប្រា ដែលមានប្រវែង ១.៧២៦ ម៉ែត្រ ។ ជីកស្តារប្រឡាយព្រែកប្រា ឱ្យបានទទឹង ២០ម៉ែត្រ ប្រវែង ៩៦៥ ម៉ែត្រ និងដោះស្រាយសំណង់មិនរៀបរយមួយចំនួន នៅលើព្រែកប្រា នេះផងដែរ។ តែទោះបីជាយ៉ាងណាក្តី គណៈកម្មការ ត្រូវសិក្សាឲ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ទៅលើគម្រោងទាំងនេះ ៕