ថ្ងៃវេនកាន់បិណ្ឌទី១ គេសង្កេតឃើញថា នៅតាមបណ្តាវត្តនានា មានប្រជាពលរដ្ឋនាំគ្នាសស្រាក់សស្រាំយកចង្ហាន់ទៅវត្តយ៉ាងច្រើនកុះករ ខុសពីឆ្នាំកន្លងមក
ភ្នំពេញ ៖ នៅថ្ងៃវេនកាន់បិណ្ឌទី១ គេសង្កេតឃើញថា នៅតាមបណ្តាវត្តនានា មានប្រជាពលរដ្ឋនាំគ្នាសស្រាក់សស្រាំយកចង្ហាន់ទៅវត្តយ៉ាងច្រើនកុះករ ខុសពីឆ្នាំកន្លងមក ដែលជំងឺកូវីដបានផ្ទុះឡើង នាថ្ងៃទី១១ កញ្ញា ឆ្នាំ២០២២ នេះ ។
នាព្រឹកថ្ងៃកាន់បិណ្ឌទី១នេះដែរ នៅវត្តឈូកវ៉ា ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គេសង្កេតឃើញប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទនាំគ្នាស្លៀកពាក់តាមប្រពៃណីយកចង្ហាន់មកកាន់ទីវត្តអារ៉ាម យ៉ាងច្រើនកុះករ ។
ថ្ងៃកាន់បិណ្ឌទី១នេះត្រូវចំថ្ងៃអាទិត្យ ដែលប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលឈប់សម្រាកពីការងារផងនោះ បាននាំគ្នាទៅវត្តយ៉ាងច្រើនកុះករ ដោយយកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងឧទ្ទិសកុសលជូនដល់ជីដូនជីតា និងញាតិកាទាំង៧សន្តានដែលបានចែកឋាន ។
នាឱកាសបុណ្យកាន់បិណ្ឌឆ្នាំនេះ ខណៈស្ថានភាពជំងឺកូវីដបានស្ងប់ស្ងាត់ទៅវិញ ប្រជាពលរដ្ឋបាននាំគ្នាទៅធ្វើបុណ្យយ៉ាងច្រើនកុះករ ដោយមិនមានការភ័យព្រួយអ្វីឡើយ ហើយគេសង្កេតឃើញប្រជាពលរដ្ឋភាគច្រើនអត់មានពាក់ម៉ាស់ដូចឆ្នាំកន្លងមកនោះទេ ៕