ក្រសួង ផាកពិន័យយានយន្ត ដឹកលើសទម្ងន់ចំនួន៥គ្រឿង និងឃាត់ទុកមួយឆ្នាំ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ដឹកនាំដោយ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការ សហការជាមួយមន្រ្តីស្ថានីយជញ្ជីងព្រែកហូរ និងស្ថានីយក្រសាំង បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញចំនួន៥ គ្រឿង ដោយក្នុងនោះយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ទាំង៥គ្រឿងត្រូវបានពិន័យ និងត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។
យានយន្តទាំង ៥គ្រឿងខាងលើដឹកលើសទម្ងន់អនុញ្ញាតចាប់ពី ១៨តោន ដល់ ២១តោន ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ យានយន្តដឹកទាំងនោះត្រូវពិន័យជាប្រាក់ និងឃាត់ទុកចំនួនមួយឆ្នាំ។ ប្រតិបត្តិការខាងលើបានធ្វើនៅផ្លូវលេខ២០ គីឡូម៉ែត្រលេខ១+១០០ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជាធានីភ្នំពេញ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឃាត់ទុកយានយន្តសរុបទូទាំងប្រទេសចំនួន ២៥៩គ្រឿង ។ ជាថ្មីម្តងទៀត ក្រសួង ក៏រំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា នឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕