ភ្ញាក់ផ្អើល! អ្នកនាង យក់ ឋិតរដ្ឋា ចូលសិល្បៈវិញ ហើយប្តូរឈ្មោះ…..
ភ្នំពេញ៖ ជាក់ស្តែងអ្នកនាង យក់ ឋិតរដ្ឋា បានឱ្យដឹងដូច្នេះថា “សូមអធ្យាស្រ័យផងពីពុកម៉ែបងប្អូនទាំងអស់ដែលបានស្គាល់ឈ្មោះនាងខ្ញុំ ហៅក្រៅថា “អាស្រស់” ឥឡូវ នាងខ្ញុំបានដូរមកឈ្មោះថា “អានីន” វិញ ដោយសារតែឈ្មោះ “ស្រស់” នេះ ធ្វើឱ្យនាងខ្ញុំឈឺច្រើន ហើយមានរឿងរ៉ាវជាច្រើនមិនចេះចប់មិនចេះហើយ។ អ៊ីចឹងសូមដូរមកប្រើឈ្មោះ “អានីន” នេះវិញណា បងប្អូនអ៊ុពូមីង!”។
បន្ទាប់ពីការប្រកាសវិលចូលសិល្បៈវិញពីសំណាក់តារាចម្រៀងជើងចាស់ យក់ ឋិតរដ្ឋា គេឃើញមានទស្សនិកជនមួយចំនួនធំបានបង្ហាញការគាំទ្រវត្តមានឡើងវិញរបស់នាង។ ប៉ុន្តែស្របពេលប្រជាប្រិយភាពកំពុងមានស្ទុះជាថ្មី ស្រាប់តែអ្នក នាង យក់ ឋិតរដ្ឋា ប្រកាសប្តូរឈ្មោះយ៉ាងភ្ញាក់ផ្អើល។
តារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បានបន្ថែមទៀតថា សូមអរគុណបងប្អូនអ៊ុពូមីងទាំងអស់ ដែលបានស្រឡាញ់នាង ព្រមទាំងក្រុមគ្រួសារ។ ជាមួយគ្នានៃការប្រកាសប្តូរឈ្មោះរបស់អ្នកនាង យក់ ឋិតរដ្ឋា នេះ គេឃើញមានអ្នកគាំទ្រមួយចំនួននៅតែបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់នាង។
តារាចម្រៀងជើងចាស់ អ្នកនាង យក់ ឋិតរដ្ឋា កន្លងមកត្រូវបានគេចាំថា បន្ទាប់ពីនាងបានសាងឈ្មោះល្បីលើវិថីសិល្បៈមួយរយៈមកនោះ តារាស្រីរូបនេះក៏បានដកខ្លួនចេញពីអាជីពចម្រៀងជាច្រើនឆ្នាំ ដោយទៅសម្ងំបើកអាជីពរកស៊ីផ្ទាល់ខ្លួនស្ទើរភ្លេចសិល្បៈទៅហើយ។
ក្រោយរសាត់ឆ្ងាយពីសិល្បៈអស់មួយរយៈធំ អ្នកនាង យក់ ឋិតរដ្ឋា កាលពីថ្មីៗនេះក៏លេចវត្តមានឡើងវិញជាមួយការប្រកាសវិលចូលវិស័យចម្រៀងដែលខ្លួនធ្លាប់បោះបង់យូរឆ្នាំកន្លងទៅហើយ។ ទន្ទឹមគ្នានោះដែរ អ្នកនាង យក់ ឋិតរដ្ឋា បានស្នើដល់មហាជនបន្តជួយផ្តល់ជាកម្លាំងចិត្ត និងគាំទ្រវត្តមានរបស់នាងតាមរយៈឆាកតន្ត្រី ឬបទចម្រៀងថ្មីៗខ្លួនផងដែរ៕