រថយន្ត LEXUS បុករថយន្ត COROLA បណ្ដាលឲ្យរងការខូចខាត ខណៈដែលក្រុមអ្នកសារព័ត៌មានចុះផ្ដិតរូបភាព បែរជាភាគីរងគ្រោះ ចេញមកឈ្លោះជាមួយអ្នកព័ត៌មានផ្អើលពេញផ្លូវ…!
រាជធានីភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានចុះទៅផ្ដិតយករូបភាពករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត LEXUS បុកជាមួយរថយន្ត COROLA បណ្ដាលឲ្យរងការខូចខាត ហើយបុរសម្នាក់ស្រវឹងស្រា សង្ស័យជាម្ចាស់រថយន្ត បានព្យាយាមរារាំង ហើយស្រែកឡូឡា ហាមមិនឲ្យអ្នកព័ត៌មានថត និងរករឿងអ្នកព័ត៌មានផ្អើលពេញផ្លូវ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៣៦០ កែងផ្លូវលេខ១៤៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់បណ្ដាញព័ត៌មានហង្សតូចថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តរងគ្រោះម៉ាក COROLA ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2C-8663 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦០ ទិសដៅពីលិចមកកើត ក្នុងល្បឿនល្មម ខណៈមកដល់ផ្លូវបែកជាបួន កែងផ្លូវលេខ១៤៣ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក LUXES ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-1115 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ហើយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រលបុករថយន្ត COROLA ចំពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្ត COROLA រងការខូចខាតទ្វាខាងឆ្វេងយ៉ាងដំណំ រីឯរថយន្តបង្ក រងការខូចខាតកាងពីមុខតិចតួចប៉ុណ្ណោះ តែសំណាងល្អ មិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។
ក្រោយកើតហេតុ ភាគីរថយន្តបង្កម៉ាក LUXES RX300 ព្រមសងថ្លៃខូចខាតទៅលើរថយន្តរងគ្រោះម៉ាក COROLA ចំនួន ១ពាន់ដុល្លារ ដើម្បីបញ្ចប់រឿង ហើយក្នុងអំឡុងពេលភាគីបង្ក និងភាគីរងគ្រោះ កំពុងសម្រួលដោះស្រាយគ្នា ក៏មានក្រុមអ្នកសារព័ត៌មានយើង ចុះទៅផ្ដិតយករូបភាព តែត្រូវបានបុរសម្នាក់ភាគីរងគ្រោះ បានស្ទុះចេញមករារាំងហាមមិនឲ្យថត និងស្រែកឡូឡាឈ្លោះប្រកែកជាមួយអ្នកសារព័ត៌មានថែមទៀត ដោយចោទប្រកាន់ថា មកពីក្រុមអ្នកសារព័ត៌មានថតរូបគាត់ និងផ្សាយផ្ទាល់បែបនេះ ទើបធ្វើឲ្យរូបគាត់បាត់បង់ការងារ តែនេះគ្រាន់តែជាការលើកឡើងរបស់បុរសស្រវឹងស្រាម្នាក់ប៉ុណ្ណោះ សង្ស័យជាអ្នកបើករថយន្ត ទើបគាត់ព្យាយាមរារាំង និងហាមមិនឲ្យថតក្រុមអ្នកសារព័ត៌មានថតដូច្នេះ៕
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ដលេខាលើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមាន ១២ជំពូក និង ៩២មាត្រា ។
នេះជាមាត្រា៧៧ និងមាត្រា៨៣
មាត្រា៧៧ ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០,40 (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី 0,80 (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាម ឡើងទៅ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ ៨០០ ០០០ រៀល (ប្រាំបីសែនរៀល) ទៅ ៤០០០ ០០០ រៀល (បួនលានរៀល)។
មាត្រា៨៣ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឲ្យមានរបួសដល់អ្នកដទៃហើយបណ្ដាលឲ្យអ្នករងគ្រោះ អសមត្ថភាពធ្វើការងារ ក្នុងរយៈពេលស្មើ ឬលើសពី៨ថ្ងៃ គិតពីថ្ងៃកើតហេតុ គឺត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ២០០០,០០០រៀល (ពីរលានរៀល) ទៅ ១០,០០០,០០០រៀល (ដប់លានរៀល) ។
ផ្អែកតាម រដ្ឋធម្មនុញ្ញ បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ដលេខា ច្បាប់នេះ នឹងចូលជាធរមានហើយកាលពីដើមខែតុលាកន្លងទៅនេះ តែជាក់ស្ដែងដូចជាមិនទាន់ឃើញមានការអនុវត្តច្បាប់ចរាចរណ៍ថ្មី យ៉ាងណានៅឡើយទេ៕ (ម៉េង)