ស្រាវជ្រាវតាមបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង រកឃើញជនជាតិម៉ាឡេស៊ី ១នាក់ នៅព្រះសីហនុ
(ព្រះសីហនុ)៖ នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុនមួយកន្លែងស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ដោយបានរកឃើញជនរងគ្រោះជាជនជាតិម៉ាឡេស៊ីចំនួន ០១នាក់ ដែលមានការប្តឹងថាត្រូវបានបង្ខាំង។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេ ថាត្រូវបានគេចាប់បង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុន នៅក្នុងខេត្តព្រះសីហនុ ចំនួន ០១ករណី។
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងក្រុមហ៊ុនខាងលើនេះ បានស្រាវជ្រាវស្វែងរក ឃើញជនរងគ្រោះចំនួន០១នាក់ មានឈ្មោះ OOI BOO WEN ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិម៉ាឡេស៊ី។ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បាននាំអ្នកគ្រប់គ្រងជនជាតិចិន ០១នាក់ ភេទប្រុស មកធ្វើការសាកសួរតាមនីតិវិធីជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ ដើម្បីបន្តតាមនីតិវិធី៕