អភិបាលខណ្ឌចំការមនចុះបិទទីតាំងល្បែងអនឡាញខុសច្បាប់មួយកន្លែង និងឃាត់មនុស្សចំនួន៥នាក់ទាំងយប់

(ភ្នំពេញ)៖ លោក​ កៀង​ ល័ក្ស​ អភិបាល​ខណ្ឌ​ចំការមន​​ បានដឹកនាំ​កម្លាំង​ចម្រុះ​​ចុះ​បង្រ្កាប​​ទីតាំង​អាជីវកម្មឆ្នោតឡូតូ ៨៨៨៨ ដែលត្រូវបានគេស្គាល់ថាជាកន្លែងសុីសងល្បែងភ្នាល់លុយតាមអុីនធើណេត​ ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៤៦៦​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចម្ការមន​ រាជធានី​ភ្នំពេញ​ និងបានឃាត់ខ្លួនមនុស្សចំនួន​៥នាក់ ក្នុងនោះមានប្រុស៤នាក់ ស្រី១នាក់ វេលា​ម៉ោង​១១ និង៥០នាទី​យប់​ ថ្ងៃ​ទី​៣១​ ខែ​សីហា​ ឆ្នាំ​២០២២។

ក្នុងប្រតិបត្តិការនេះ ក៏មានសមាសភាពចូលរួមពីលោក ម៉ម សុភ័ក្ត្រ ជាមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក ផន អូន ជាអធិការរងនគរបាលខណ្ឌ, លោក សុំ សិទ្ធី ជានាយករដ្ឋបាលខណ្ឌ, លោក ហាយ សិទ្ធី ជាប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងលោក តុល មេសា ជាតំណាងប៉ុស្តិ៍នគរបាលសង្កាត់បឹងត្របែកផងដែរ។

ក្រោយការចុះ​បង្រ្កាបនេះ ក្រុមការងារបានសម្រេចបិទទីតាំងអាជីវកម្មខាងលើដែលមានលេខផ្ទះលេខ៣៦ ផ្លូវ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន​ មិនឱ្យមានការបើកទ្វារចេញចូលជាបណ្ដោះអាសន្ន៕