ក្រសួងនឹងបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលទម្រង់ថ្មី ជាកាត ATM អាចដកប្រាក់ខែបាន

ក្រសួងមុខងារសាធារណៈ ថ្មីៗនេះ បានចេញសេចក្តីជូនដំណឹង ឱ្យបានដឹងថា ដោយបានទទួល គោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមុខងារសាធារណៈ នឹងរៀបចំបោះពុម្ពឡើងវិញ នូវអត្តសញ្ញាណប័ណ្ណ សម្គាល់ខ្លួនរបស់មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការប្រើប្រាស់ជាផ្លូវការ។

ក្នុងនោះ ក្រសួងបានបញ្ជាក់ឱ្យដឹងថា សម្រាប់ការរៀបចំបោះពុម្ពឡើងវិញនេះ ក្រសួងមុខងារសាធារណៈ បានរៀបចំបោះពុម្ព និងផ្តល់ជូននូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលក្នុងទម្រង់ថ្មី ជាប្រភេទ «ស្មាតកាត» (Smart Card) ដែលអាចអនុញ្ញាតឱ្យមន្ត្រីរាជការ ប្រើប្រាស់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម (ATM) សម្រាប់ដកប្រាក់បៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយសម្រាប់មុខងារចាំបាច់ដទៃទៀត។

ទន្ទឹមនឹងនោះ ដោយមានការសម្របសម្រួល និងការគាំទ្រពីដៃគូសហការរបស់រដ្ឋ ចំណាយលើការបោះពុម្ព អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ ត្រូវបានរ៉ាប់រងដោយធនាគារឯកជន ហើយពុំតម្រូវឱ្យម្ចាស់ប័ណ្ណបង់ថ្លៃឡើយ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖