ពលរដ្ឋអស់ជំនឿនឹងទំនាយ«ទឹកលិចពិភពលោក»របស់លោក ខឹម វាសនា បានចាកចេញពីទឹកដីព្រហ្មជាបណ្តើរៗហើយ
(ខេត្តសៀមរាប)៖ យោងតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងរបស់អង្គភាពសារព័ត៌មាន Hang Toch News នៅខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីអស់ជំនឿលើការឃោសនាអកុសល ថាមាន «ទឹកជំនន់លិចពិភពលោក» របស់លោក ខឹម វាសនា ប្រមុខដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលតាំងខ្លួនជា [ព្រហ្មរក្សាលោក] ពេលនេះ ប្រជាពលរដ្ឋមួយចំនួនបានភ្ញាក់ខ្លួន និងធ្វើដំណើរចាកចេញទៅកាន់លំនៅដ្ឋានរបស់ពួកគេជាបណ្តើរៗហើយ ខណៈអាជ្ញាធរខេត្តសៀមរាប បានសម្រេចបិទខ្ទប់តំបន់ចេញ-ចូលទៅកាន់ដីចម្ការលោក ខឹម វាសនា នោះផងដែរ…។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី បានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះថា ពលរដ្ឋមួយចំនួនធំ ដែលបានចងតង់រស់នៅតាមកម្ពោតព្រៃក្នុងដីមួយចំនួនរបស់អ្នកភូមិថ្មជល់ បាននាំគ្នារើអីវ៉ាន់ ស្រាយតង់ ប្រមូលកូនចៅធ្វើដំណើរចាកចេញទៅស្រុកកំណើតវិញ បន្ទាប់ពីពួកគេអស់ជំនឿ ទៅលើលោក ខឹម វាសនា និងយល់ថា ផែនដីនេះ មិនមានការជន់លិចដូចការលើកឡើងរបស់លោក ខឹម វាសនា នោះទេ។ ចំណែកក្រុមសកម្មជនគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមួយចំនួនធំ នៅបន្តរស់នៅតាមដីព្រៃក្បែរៗចម្ការលោក ខឹម វាសនា និងនៅក្នុងដីចម្ការនោះតែម្ដង ដោយពួកគេនៅបន្តជឿថា ពិភពលោកនេះនឹងត្រូវជន់លិចក្នុងពេលឆាប់ៗខាងមុខមិនខាន ព្រោះលោក ខឹម វាសនា គឺជា[ព្រហ្មរក្សាលោក]។
ដោយឡែក ងាកទៅអាជ្ញាធរសមត្ថកិច្ចខេត្តសៀមរាបឯណោះវិញ បន្ទាប់ពីទទួលបទបញ្ជាពីសម្តេចតេជោ នាយករដ្ឋមន្ត្រី សមត្ថកិច្ចបានត្រឹមអនុវត្តច្បាប់បិទខ្ទប់ មិនឱ្យមានការឆ្លងចូលទៅកាន់ដីចម្ការលោក ខឹម វាសនា បន្តទៀតទេ ដោយឈរលើគោលការណ៍ ខ្លាចមានការចម្លងជំងឺកូវីដ-១៩ ប៉ុន្តែ អាជ្ញាធរបានបើកច្រកសម្រាប់បងប្អូនប្រជាពលរដ្ឋចំពោះការចង់ចាកចេញពីដីចម្ការនោះ ត្រឡប់ទៅស្រុកកំណើតវិញផងដែរ។ បន្ថែមលើនេះ កាលពីព្រឹកថ្ងៃពុធដដែលនេះ ឯកឧត្តមទៀ សីហា បានឱ្យដឹងថា អាជ្ញាធរនៅតែបន្តតាមដានការងារនេះជាប់ជាប្រចាំ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋឈប់ជឿលើការញោះញុង គ្មានមូលដ្ឋានការពិត ដែលនាំឱ្យខាតបង់ពេលវេលា ទ្រព្យសម្បត្តិ បាត់បង់ការងារធ្វើ ព្រាត់ប្រាស់ប្រពន្ធ-ប្ដី និងកូនៗមិនបានសិក្សារៀនសូត្រត្រឹមត្រូវ។ ឯកឧត្តមបញ្ជាក់ថា ទោះបីមានការដាក់ឱសានវាទពីអាជ្ញាធរខេត្តពិតមែន ប៉ុន្តែ អាជ្ញាធរខេត្តមិនបានអនុវត្តបម្រាមនោះឱ្យបានពេញលេញនោះទេ ព្រោះតែអាជ្ញាធរខេត្តគោរពតាមបទបញ្ជាបស់ប្រមុខរាជរដ្ឋាភិបាល។
ចំណែកលោក ខឹម វាសនា ឯណោះវិញ កាលពីយប់ថ្ងៃទី៣០ខែសីហា បានប្រើពាក្យសម្តីជេរប្រមាថសម្តេចតេជោ ហ៊ុន សែន [សុទ្ធតែអាខា្វក់] ព្រមទាំងបានឡាយវីដេអូស្រែកជេរ និងអះអាងថា អាជ្ញាធរមិនហ៊ានធ្វើអ្វីលោកឡើយ កុំថាឡើយមកចាប់លោក សូម្បីតែចាប់កូនៗ (ជាសកម្មជន ប៉ុន្តែជាភាសាបស់LDP ហៅថាកូនៗ) របស់លោក ក៏មិនអាចដែរ។ ការជេរប្រមាថនេះ ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកថា ជាការប្រើយុទ្ធសាស្ត្រ ដើម្បីគ្រាន់តែជាការដាក់អន្ទាក់ឱ្យអាជ្ញាធរចុះចាប់ខ្លួនលោកតែប៉ុណ្ណោះ ដើម្បីបង្វែរស្ថានការ ខណៈថ្ងៃឱសានវាទនឹងផុតនៅម៉ោង១២យប់ថ្ងៃទី៣០ ខែសីហា ដែលអាចនឹងធ្វើឱ្យសកម្មជន ដែលជឿលង់ទៅហើយនោះ ភ្ញាក់ខ្លួនឡើងវិញ។ សម្តេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលលោក ខឹម វាសនា ចង់បាននោះ គឺបង្ខំឱ្យអាជ្ញាធរប្រើប្រាស់កម្លាំង ហើយចាប់ខ្លួនគាត់ភ្លាម។ បើយើងធ្វើអ៊ីចឹង…យើងនឹងចូលអន្ទាក់លោក ខឹម វាសនា ពិតប្រាកដ។ ត្រូវមើលព្រៃទាំងមូល សូមកុំមើលឈើមួយដើមឱ្យសោះ។ កុំចូលអន្ទាក់លោក ខឹម វាសនាឱ្យសោះ [..]»។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានយោសនាថា [ទឹកលិចពិភពលោកទាំងមូល]ហើយ មានតែសៀមរាបទេដែលមិនលិច។ ខណៈនោះ ក៏មានចែករំលែកការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមថា ពលករខ្មែរប្រមាណ១ពាន់នាក់ ក្នុងប្រទេសកូរ៉េ បានសម្រុកចាកចេញយ៉ាងតក់ក្រហល់ នាំគ្នាទិញសំបុត្រយន្តហោះមកកម្ពុជាវិញ ដោយអ្នកខ្លះទើបមកធ្វើការនៅប្រទេសកូរ៉េ និងអ្នកខ្លះទៀតមិនទាន់ដាច់កិច្ចសន្យាការងារ ខ្លះទៀតចាកចេញទាំងមិនទាន់ទូទាត់លុយបំណាច់ឆ្នាំ។ ការសម្រុកចាកចេញរបស់ពលករខ្មែរនេះ ដោយសារពួកគេជឿលើការទស្សន៍ទាយបាតុភូតប្រហោងខ្មៅផែនដី(Black Hole) ដែលបង្កើតឱ្យមានមហន្តរាយជន់លិចផែនដី បន្ទាប់ពីលោកខឹម វាសនា អះអាងខ្លួនឯងថា ជាព្រហ្មរក្សាលោក ប្រមើលមើលឃើញ ហើយអាចជួយការពារកូនៗ ដែលជាសមាជិករបស់ខ្លួនបាន…៕