ស្ពានអាកាសចំនួន២កន្លែង នៅរាជធានីភ្នំពេញត្រៀមចាប់ផ្តើមសាងសង់នៅថ្ងៃទី៣១ ខែសីហាស្អែកនេះ
រដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី៣០សីហានេះ បានរៀបចំពិធីសែនក្រុងពាលីតាមបែបសាសនាដើម្បីបួង សួងសុំសេចក្តីសុខសេចក្តីចម្រើនពីម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាភូមិករទីតាំងប្រារព្វពិធីសាងសង់ស្ពានអាកាសចំនួន២កន្លែងនៅរាជធានីភ្នំពេញដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ។ ពិធីសាសនាសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី និងជូនដំណឹងដល់អ្នកថែរក្សាទឹកដីជួយបី បាច់ថែរក្សាឱ្យដំណើរការនៃការសាងសង់នោះសម្រេចបានជោគជ័យប្រកប ដោយសុវត្ថិភាពបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវជាស៊ីណា ឃួងស្រេង។
ពិធីក្រុងពាលីនេះធ្វើឡើងមុនមួយថ្ងៃមុននឹងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស២កន្លែងព្រមគ្នាគឺនៅព្រឹកថ្ងៃទី៣១ខែសីហាដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ស្ពានអាកាសទាំង២កន្លែងនេះរួមមានទី១នៅត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ),និងមហាវិថីព្រះមុន្នី វង្ស និងវិថីកងយោធពលខេមរភូមិន្ទ(ផ្លូវលេខ២៧១)។ទី២៖ត្រង់ចំណុចប្រសព្វមហាវិថីសហពន្ធ័រុស្ស៊ី ជាមួយនឹងវិថីសម្តេចចៅហ្វាវាំងវរ:វៀងជ័យធិបតីស្រឹង្គារគង់សំអុល(ផ្លូវ២០០៤)។នេះជាសមិទ្ធផលថ្មីបន្ថែមទៀតដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខក្នុងរាជធានីភ្នំពេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យរាជធានីភ្នំពេញនិយាយដោយឡែកមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ បម្រើឱ្យសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍,គ្រោះថ្នាក់ចរាចរ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញដែលមានការកើនឡើងទាំងចំនួនមនុស្ស និងមធ្យោបាយធ្វើ ដំណើរ។
ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញក៏បានសុំការយោគយល់អធ្យាស្រ័យពីអ្នកធ្វើដំណើរតាមដងផ្លូវដែលត្រូវប្រារព្វពិធីនៅពេលដែលរដ្ឋបាល រាជធានីភ្នំពេញបានសម្រេចបិទចរាចរជាបណ្តោះអាសន្នដើម្បីបង្កឱកាសក្នុងការប្រារព្វពិធីប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈល្អ ប្រសើរ ហើយនៅពេលពិធីចប់ ចរាចរនឹងត្រូវបើកដំណើរការឡើងវិញជាធម្មតា៕