រដ្ឋមន្ត្រីផែនការប៉ាគីស្ថាន៖ ផលប៉ះពាល់នៃទឹកជំនន់មានប្រមាណ ១០ ពាន់លានដុល្លារ

រដ្ឋមន្ត្រីផែនការរបស់ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទទី ២៩ ខែសីហាថា ការប៉ាន់ប្រមាណដំបូងអំពីការខូចខាតដែលបណ្តាលមកពីទឹកជំនន់នាពេលថ្មីៗនេះរបស់ប្រទេសប៉ាគីស្ថានមានចំនួនជាង ១០ ពាន់លានដុល្លារ។ លោកបានបន្ថែមថា ពិភពលោកមានកាតព្វកិច្ចជួយប្រទេសអាស៊ីខាងត្បូងឱ្យទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលបង្កើតឡើងដោយមនុស្ស។

ទឹកជំនន់ភ្លាមៗ ដែលមិនធ្លាប់មានពីមុនមកដែលបណ្តាលមកពីភ្លៀងមូសុងបានបំផ្លាញផ្លូវថ្នល់ ដំណាំ ហេដ្ឋារចនាសម្ព័ន្ធ និងស្ពាន ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០០ នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ទឹកជំនន់នេះបានប៉ះពាល់ដល់មនុសុ្សជាង ៣៣ លាននាក់ ដែលស្មើនឹងចំនួនជាង ១៥ ភាគរយនៃចំនួនប្រជាជនសរុប ២២០ លាននាក់របស់ប្រទេស។

រដ្ឋមន្ត្រីផែនការរបស់ប្រទេសប៉ាគីស្ថាន បានលើកឡើងថា វាអាចចំណាយពេលប្រាំឆ្នាំដើម្បីកសាង និងស្តារប្រទេសជាតិឡើងវិញ ខណៈក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ វានឹងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ។ ដើម្បីកាត់បន្ថយការខ្វះខាតស្បៀងអាហារ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Miftah Ismail បាននិយាយថា ប្រទេសនេះអាចពិចារណាការនាំចូលបន្លែពីប្រទេសឥណ្ឌា ដែលជាគូប្រជែង។ ខណៈ ប្រទេស​ជិត​ខាង​ទាំង​ពីរ​មិន​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​យូរ​មក​ហើយ។

ទន្ទឹមនឹងនេះ លោក Ismail បានបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃច័ន្ទទី ២៩ ខែសីហា បានអនុម័តលើការពិនិត្យឡើងវិញលើកទីប្រាំពីរ និងទីប្រាំបី នៃកម្មវិធីជំនួយរបស់ប៉ាគីស្ថាន ដែលនឹងបញ្ចេញមូលនិធិចំនួន ១,១៧ ពាន់លានដុល្លារ ដល់ប្រទេសប៉ាគីស្ថាន។ លោក​ក៏​បាន​បញ្ជាក់​ថា IMF បាន​យល់​ព្រម​បន្ត​កម្មវិធី​នេះ​ដល់​មួយ​ឆ្នាំ និង​បង្កើន​ថវិកា​ចំនួន ១ ពាន់​លាន​ដុល្លារ​អាម៉េរិក។