ប៉ាគីស្ថាន មានអ្នកស្លា-.ប់ដោយសារទឹកជំនន់ ឡើងដល់ជាង ១ ពាន់នាក់ហើយ
រដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន បានហៅរដូវភ្លៀងម៉ូសុងដ៏អាក្រក់ក្នុងប្រទេស ជា «គ្រោះមហន្តរាយអាកាសធាតុ» ខណៈមន្ត្រីប្រចាំប្រទេស ប្រកាសថា ករណីស្លាប់ដោយគ្រោះទឹកជំនន់ក្នុងប្រទេស បានកើនឡើងដល់ជាង ១ ពាន់នាក់ហើយ គិតតាំងពីពាក់កណ្ដាលខែមិថុនាមក។
គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលហាក់កាន់តែរាលដាលខ្លាំងឡើងៗនាពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានហូរបំផ្លិចបំផ្លាញភូមិ ផ្លូវថ្នល់ ស្ពាន សត្វចិញ្ចឹម និង ភោគផលដំណាំនានា ពាសពេញខេត្តទាំង ៤ ប្រចាំប្រទេស។ ប្រទេសប៉ាគីស្ថាន បានធ្វើការដាក់ស្នើសុំជំនួយអន្តរជាតិ ខណៈក្រុមទាហាន និង ក្រុមសង្គ្រោះ បានខ្នះខ្នែងជួយជម្លៀសពលរដ្ឋខ្លួន ដែលកំពុងជាប់គាំងដោយទឹកជំនន់ ទៅកាន់កន្លែងមានសុវត្ថិភាព។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយក្នុងប្រទេសប៉ាគីស្ថាន បានបញ្ជាក់កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ កន្លងទៅថា ករណីស្លាប់ដោយជំនន់ទឹកភ្លៀងម៉ូសុង បានកើនឡើងដល់ ១ ០៣៣ នាក់ហើយ ដោយក្នុងនោះចំនួន ១១៩ នាក់បានស្លាប់ក្នុងរយៈពេលត្រឹម ២៤ ម៉ោងប៉ុណ្ណោះ។
គួរឱ្យដឹងថា គ្រោះទឹកជំនន់ក្នុងឆ្នាំ ២០២២ នេះ គឺត្រូវបានប្រៀបធៀបទៅនឹងកាលពីឆ្នាំ ២០១០ ដែលជាគ្រោះទឹកជំនន់អាក្រក់បំផុតប្រចាំឆ្នាំ ឆក់យកជីវិតមនុស្សជាង ២ ពាន់នាក់ និងសឹងតែពាក់កណ្ដាលប្រទេសប៉ាគីស្ថានត្រូវជំនន់លិចលង់៕