ចង់សងអ្វី? បើករថយន្តវ៉ាជែងលឿនដូចហោះ ចូលគន្លងផ្លូវម្នាងទៀត ទៅបុកម៉ូតូពេញទំហឹង ខ្ទាតមនុស្ស២នាក់បោកក្បាលនឹងថ្នល់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅខណ្ឌចំការមន!
រាជធានីភ្នំពេញ ៖ យុវជន២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ បន្ទប់ពីជួបគ្រោះថ្នាក់ចរាចរណ៏ បង្កឡើងដោយរថយន្តតូរីសបើកវ៉ាជែងក្នុងល្បឿនលឿន ចូលទៅគន្លងផ្លូវម្ខាងទៀត បុកចំពេញទំហឹងតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃសៅរ៏ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចជិតផ្ទះថៃហ្គ័រ តាមបណ្តោយផ្លូវ នរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហ៊ន ផា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិ ក្តីស្កា ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង និងអ្នកស្លាប់ម្នាក់ទៀត ព្រមទាំងអ្នករងរបួសធ្ងន់ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា ដំបូងឡើយគេឃើញយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CL-4344 ឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវនរោត្តម ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន និងមិនពាក់មួកសុវត្ថិភាព ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តសាំយ៉ុង មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-9170 បើកដោយបុរសម្នាក់ បានបើកវ៉ាជែងរថយន្ត LEXUS មួយគ្រឿងទៀត ក្នុងល្បឿនលឿន ចូលទៅគន្លងផ្លូវម្ខាងទៀត រួចបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យយុវជន២នាក់ផ្លោងហោះបោកក្បាលនឹងថ្នល់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងយុវជនម្នាក់ទៀតខ្ទាតទៅលើចិញ្ចើមផ្លូវ របួសធ្ងន់សន្លប់ស្ដូកស្ដឹង ។
សាក្សីខាងលើបន្ថែមទៀតថា ឃើញសភាពមិនស្រួលតៃកុងរថយន្តបម្រុងរត់គេចខ្លួន តែត្រូវបានរថយន្ត PIRUS និងរថយន្ត HAMMER បើកមកស្ទាក់ពីមុខ និងជួយឃាត់បុរសដែលជាអ្នកបើកបររថយន្តបង្កហេតុនោះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុផងដែរ។ បន្ទាប់មកគេឃើញរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មហានគរ បានមកដឹកជនរងគ្រោះដែលរងរបួសធ្ងន់ យកទៅសង្គ្រោះផងដែរ ។
ចំណែកឯបុរសដែលជាអ្នកបើកបររថយន្តបង្កហេតុ ត្រូវបានប្រជាពលរដ្ឋដែលជួយឃាត់បាននោះ ប្រគល់ឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីសាកសួរនិងរក្សាសុវត្ថិភាពសិនផងដែរ ព្រោះខ្លាចប្រជាពលរដ្ឋមានការខឹងសម្បារបញ្ចេញកំហឹងទៅលើអ្នកបើកបរខាងលើនេះ។
ជាមួយគ្នានេះដែរ ម្ចាស់រថយន្ត HAMMER ដែលជួយស្ទាក់រថយន្តបង្កហេតុនោះ ក៏បានបង្ហាញសកម្មភាពរថយន្តបង្កហេតុនោះប្រាប់ដែរថា គាត់បានយកចេញពីកាមេរ៉ាសុវត្ថិភាព ដែលដាក់ក្នុងរថយន្តរបស់គាត់នោះ គឺឃើញជាក់ស្ដែងរថយន្តបង្កហេតុ បើកវ៉ាជែងរថយន្ត LEXUS មួយគ្រឿងទៀត ចូលទៅគន្លងផ្លូវម្ខាងទៀត ទើបបង្កអោយមានគ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើងតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៏ក្រុងមកវាស់វែងយកម៉ូតូនិង រថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែកសាកសពសមត្ថកិច្ចប្រគល់ឱ្យខាងដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លារងចាំសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕ (អត្ថបទរូបភាព ម៉េង)