កក្រើកទៀតហើយបទល្មើសព្រៃឈើក្នុងស្រុករវៀងខេត្តព្រះវិហាររបស់ក្រុមហ៊ុនភីអុិនធី(PNT)លោកឡេង ឫទ្ធី
ខេត្តព្រះវិហារ÷ប្រភពពលរដ្ឋបានលើកឡើងថា ក្រុមហ៊ុនភីអ៊ិនធី (PNT Co., Ltd.) បានប្រើប្រាស់រថយន្តបង្កុង រថយន្តរ៉េវ និងគោយន្តរាប់សិបគ្រឿងដើម្បីដឹកជញ្ជូនឈើចេញពីតំបន់ស្នូលព្រៃឡង់ ស្រុករវៀង ចូលទៅទីតាំងក្រុមហ៊ុនរបស់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការឃុបឃិតពីសំណាក់មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺក្រុមហ៊ុន
ភីអ៊ិនធី (PNT Co., Ltd.) របស់មេឈ្មួញ ឡេង ប្ញទ្ធី មិនអាចកាប់ឈើ អារច្រៀកឈើនៅក្នុងព្រៃឡង់ ហើយដឹកជញ្ជូនចូលទៅទីតាំងក្រុមហ៊ុនយ៉ាងគគ្រឹកគគ្រេងតាមអំពើចិត្តបានឡើយ។ ហេតុនេះអាជ្ញាធរពាក់ព័ន្ធមិនត្រូវបណ្តែតបណ្តោយតទៅទៀតទេ ព្រោះក្រុមហ៊ុនភីអិនធី នេះកំពុងបំពានកាប់ឈើក្នុងតំបន់ស្នូលព្រៃឡង់ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងមហន្តរាយ។
ប្រភពពីប្រជាពលរដ្ឋក្នុងឃុំរៀបរយ ស្រុករវៀង ខេត្ត ព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនភីអិនធី (PNT Co.,Ltd) របស់មេឈ្មួញ ឡេង ប្ញទ្ធី បានដាក់ពង្រាយកម្លាំងកម្មករជាច្រើនក្រុមឲ្យធ្វើសកម្មភាពកាប់ឈើនៅក្នុងតំបន់ស្នូលនៃព្រឡង់ក្នុងស្រុករវៀង យ៉ាងរាលដាលដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឡង់ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនភីអ៊ិនធី (PNT Co., Ltd.) បានដាក់កម្លាំងកម្មករជាច្រើនក្រុម ឲ្យចូលកាប់ឈើអារឈើនៅក្នុងតំបន់ស្នូលនៃព្រៃឡង់ជាច្រើនទីតាំងផ្សេងគ្នា។
ក្រោយពេលកាប់រំលំ និងអារជ្រៀករួច ឈើទាំងនោះត្រូវបានក្រុមហ៊ុនភីអិនធី ដឹកចូលទៅកាន់ទីតាំងដីសម្បទានរបស់ខ្លួនដើម្បីឲ្យក្លាយជាឈើស្របច្បាប់យ៉ាងរលូន។ព្រៃឈើនៅតំបន់ព្រៃឡង់មាន ៩ទីតាំងផ្សេងគ្នាដែលក្រុមកម្មករទាំងនោះកំពុងកាប់រំលំដើមឈើ រួមមានបុស្សរាំង ជ្រាប់ក្បាលដំរី ស្រែកណ្ដាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោទ ប្រាសាទគោល ព្រៃស្រឡៅ និងស្រែតាង៉ុត។ លោកបន្ថែមថា តាមការកត់សម្គាល់ គឺសកម្មភាពទាំងនោះពួកគេប្រើប្រាស់គោយន្ត រួមទាំងរថយន្តអារ៉េវ សម្រាប់ដឹកឈើហុបធំៗ ៣គ្រឿងថែមទៀត ហើយក្រុមកម្មករទាំងនោះធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ។
ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំជិត ៨ពាន់ហិកតារ (៧៩០០ហិកតារ) នៅស្រុករវៀង ខេត្តព្រះវិហារ កាលពីឆ្នាំ២០១០ ក្រោមកិច្ចសន្យារយៈពេល ៧០ឆ្នាំ។ ក្រុមហ៊ុននេះមានម្ចាស់ជាជនជាតិវៀតណាម ឈ្មោះ ផាន់ ហួណាម (Phan Huu Nam)។
ក្នុងកិច្ចសន្យា ក្រុមហ៊ុននេះវិនិយោគដំណាំខ្លឹមចន្ទន៍ ចន្ទី និងដំណាំរួមផ្សំផ្សេងៗទៀត ប៉ុន្តែប្រជាសហគមន៍អះអាងថា ក្រុមហ៊ុនមិនបានដាំដុះតាមកិច្ចសន្យានោះទេ ផ្ទុយទៅវិញគឺពួកគេបានផ្ដោតលើការកាប់ឈើតែប៉ុណ្ណោះ។
ចំណែកលោក លោក សុង ច័ន្ធសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានអោយដឹងតាមរទូរស័ព្ទថាលោកមិនទាន់ទទួលបានព័ត៌មានទាក់ទងនឹងសកម្មភាពលួចកាប់ឈើពីសំណាក់ក្រុមហ៊ុនភីអ៊ិនធី (PNT Co., Ltd.)នោះទេ តែទោះជាយ៉ាងណាលោកនឹងអោយកម្លាំងឧទ្យានុរក្សរបស់លោកចុះទៅពិនិត្យជាក់ស្តែងនៅទីតាំងខាងលើ៕