ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ប្រកាសច្រានចោល និងបដិសេធទាំង ស្រុង នូវការចុះផ្សាយថាមានការបើកលេងល្បែងសុីសងជល់មាន់និងអាប៉ោង នៅសង្កាត់ស្ទឹងមានជ័យ៣ របស់«គេហទំព័រសារព័ត៌មាន នគរប៉ុស្តិ៍ NORKOR POST NEWS» «គេហទំព័រ រស្មីសៀមរាប» «នគរប៉ុស្តិ៍ឡាយ Norkor Post Live» បើមិនកែតម្រូវ នឹងចាត់វិធានការតាមច្បាប់ជាធរមាន
ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនឲ្យបានជ្រាបថា÷ កាលពីថ្ងៃទី១៤ ១៥ ខែកុម្ភះ ឆ្នាំ២០២២ កន្លងទៅនេះ«គេហទំព័រសារព័ត៌មាន នគរប៉ុស្តិ៍ NORKOR POST NEWS» «គេហទំព័រ រស្មីសៀមរាប» «នគរប៉ុស្តិ៍ឡាយ Norkor Post Live»បានចុះផ្សាយសរសេរគ្មានកាលបរិច្ឆេទត្រឹមត្រូវ មានខ្លឹមសារថា«មណ្ឌលកំសាន្ត ល្បែងសុីសងដ៍ធំអសា្ចរ្យ នៅសង្កាត់ស្ទឹងមានជ័យ៣ បើកលេងបញ្ជល់មាន់ និងអាប៉ោងយ៉ាងគគ្រឹគគគ្រេង ហ៊ោកញ្ជ្រៀវ ពលរដ្ឋបានដាក់ការសង្ស័យថាលោក ឯម ភារី មេប៉ុស្តិ៍ ស្ទឹងមានជ័យ៣ ជាអ្នកមើលថែរក្សា។សូមតាមដានព័ត៌មានលំអិតពេលក្រោយ»។
ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ៣ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានចុះផ្សាយករណីខាងលើ ជាព័ត៌មានបំភ្លៃបំផ្លើសការពិត មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែង ក្នុងគោល បំណងបង្ខូចកិត្តិយស កេរ្តិ៍ឈ្មោះថ្នាក់ដឹកសង្កាត់ស្ទឹងមានជ័យ៣។ ម្យ៉ាងវិញទៀត ខ្លឹមសារនិងរូបភាព ក្នុងអត្ថបទព័ត៌មាននេះ ជារូបភាពចាស់ៗដដែលៗ គ្មានប្រភពជាក់លាក់ ជាព័ត៌មានគ្មានវិជ្ជាជីវៈច្បាស់លាស់ គ្មានមូលដ្ឋានពិតប្រាកដ ប្រឌិតឡើងដើម្បីបម្រើផលប្រយោជន៍លាភសក្ការៈផ្ទាល់ខ្លួន និងធ្វើឲ្យសាធារណៈមតិមានការយល់ច្រឡំ។
ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ សូមអំពាវនាវដល់ ចាងហ្វាង «គេហទំព័រខាងលើ» ធ្វើការកែប្រែខ្លឹមសារ និងរូបភាពក្នុងអត្ថបទព័ត៌មាន ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ជាធរមាន បើពុំដូច្នោះទេ យើងខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់។
ម្យ៉ាងទៀតសំណូមពរដល់ឯកឧត្តម ខៀវ កាញ្ញារិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាចាត់វិធានការ ចំពោះអ្នកសារព័ត៌មានមួយចំនួនតូច ដែលមិនបានបំពេញតួនាទីស្របតាមវិជ្ជាជីវៈរបស់ខ្លួន ឆ្លៀតឱកាសប្រើវិជ្ជាជីវៈ ប្រាសចាកក្រមសីលធម៌ ផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងបន្លំ ដើម្បីលាភសក្ការៈ នាំឱ្យមានភាពភ័យខ្លាច ច្របូកច្របល់ រំខានដល់ការអនុវត្តការងាររបស់អាជ្ញាធរមាន សមត្ថកិច្ច ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ការទទួលយកសំណូក ឬជំរិតទារប្រាក់ជាថ្នូរនឹងការមិនផ្សព្វផ្សាយ ឬលុបព័ត៌មានជាដើម ដែលជាប្រការមួយ រំលោភយ៉ាងធ្ងន់ធ្ងរ ខាងផ្នែកវិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន ដែលមិនអាចទទួលយកបាន៕