ក្រោយពីបើកដំណេីរការឡេីងវិញ ខារ៉ាអូខេ និងក្លឹប សរុប១៣ទីតាំងក្នុងមូលដ្ឋានខណ្ឌសែនសុខ ត្រូវអាជា្ញធរខណ្ឌសែនសុខ ចុះត្រួតពិនិត្យនិងធ្វេីការណែនាំទាំងយប់
រាជធានីភ្នំពេញ ៖ ទីតាំងក្លឹបកម្សាន្ត និងខារ៉ាអូខេ ដែលបេីកដំណើរការឡើងវិញ ១០កន្លែង ក្នុងមូលដ្ឋានខណ្ឌសែនសុខ ត្រូវបានអាជា្ញធរខណ្ឌសែនសុខ នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ចុះត្រួតពិនិត្យដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ។
ការចុះត្រួតពិនិត្យនេះ ធ្វេីឡេីងដោយមានបញ្ជាពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ឱ្យចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត ក្នុងមូលដ្ឋានខណ្ឌសែនសុខ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ជាលទ្ធផលរួមមាន ១. ខារ៉ាអូខេ មានសរុបចំនួន ១០ទីតាំង ដំណើរការ ១០ទីតាំង ។ ២. ក្លឹបកម្សាន្ត មានសរុបចំនួន ៤ទីតាំង ដំណើរការ ៣ទីតាំង និងមិនដំណើរការចំនួន ១ទីតាំង ។
បើតាមអាជា្ញធរបានប្រាប់ឲ្យដឹងថា ក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់ទីតាំងទាំងអស់ត្រូវអនុវត្ត៣ចំណុច ដូចជា ៖ ១-បុគ្គលិកទាំងអស់ត្រូវពាក់ម៉ាស់ជាប្រចាំ ២-បុគ្គលិកទាំងអស់ត្រូវចាក់វ៉ាក់សាំង និងត្រូវពាក់កាតវ៉ាក់សាំង និងទី៣-ត្រូវរៀបចំឲ្យរក្សាគម្លាត និងត្រូវស្នើសុំវិធានសុខាភិបាលពីមន្ទីរទេចរណ៍ឲ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា ចំណាត់ការរបស់អាជា្ញធរខណ្ឌសែនសុខ បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង តាមរយះសេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ តាមគន្លងប្រក្រតីភាពថ្មី បន្ទាប់ពីទីតាំងទាំងនេះ ត្រូវបានបិទមិនឱ្យដំណើរការជិត២ឆ្នាំខណៈជំងឺកូវីដ១៩បានវាលុកជុំវិញពិភពលោក ៕ បងម៉េង