ត្រួតពិនិត្យរថយន្តពាក់ស្លាកលេខ នគរបាល និង ខម បេីកបរឆ្លងកាត់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ របស់បញ្ជាការឯកភាពខណ្ឌមានជ័យ


រាជធានីភ្នំពេញ​ ៖ កម្លាំងសមត្ថកិច្ចចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ បន្តដាក់គោលដៅ​ត្រួតពិនិត្យ បងប្អូន​ប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់ទឹកដីខណ្ឌមានជ័យ ចេញចូលមករាជធានីភ្នំពេញ​ ​ពង្រឹងកិច្ចការការពារ​សន្ដិសុខ សណ្ដាប់​ធ្នាប់​ ​ត្រួតពិនិត្យអាវុធ​ជាតិ​ផ្ទុះនិងជាតិស្រវឹង នៅចំណុចមុខឃ្លាំងដែក ផ្លូវ២៧១ ភូមិ៦ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាយប់ថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ ។

បេីតាមមន្ត្រីនគរបាលខណ្ឌមានជ័យ​ បានថ្លែងប្រាប់ថា​​ ដោយមានការណែនាំពីលោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ និងជាប្រធាន​គណៈបញ្ជាការឯកភាព​ខណ្ឌ​មានជ័យ​ និងលោកវរសេនីយ៍ទោ​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ ទេីបកម្លាំងចម្រុះ​គណៈបញ្ជាការឯកភាព​ខណ្ឌមានជ័យ​ ​បន្តអនុវត្តន៍រឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹង​ជាប្រចាំ នៅតាមដងផ្លូវនានាក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង ឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផង និងដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរនៅពេលយប់ព្រលប់ និយាយរួមគឺបងប្អូនប្រជាជនដែលធ្វើដំណើរតាមមធ្យោបាយនានា ឆ្លងកាត់ទឹកដីខណ្ឌមានជ័យ ចេញចូលមករាជធានីភ្នំពេញ ឲ្យពួកគាត់មានសុវត្ថិភាព និងបានយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក តម្រូវឲ្យអ្នកបេីកបរនិងអ្នករួមដំណេីរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់មើលក្រោយ ហេីយម៉ូតូត្រូវតែពាក់ស្លាកលេខ ចំណែកឯឡានត្រូវពាក់ខ្សែក្រវ៉ាត់ផងដែរ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

ហេីយការចុះដាក់គោលដៅត្រួតពិនិត្យយប់នេះធ្វេីឡេីង បានប្រេីសរុបចំនួន ៤៦នាក់ ដឹកនាំដោយលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ក្នុងនោះមាន ៖ កម្លាំងសាលាខណ្ឌមានជ័យ ១០នាក់, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ២៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ និងលោកវរសេនីយ៍ទោ ជឹម សុភក្ត្រ័ អធិការរង កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ០៨នាក់ ដឹកនាំដោយវរសេនីយ៍ត្រី យុទ្ធ នី បញ្ជាការរងអាវុធហត្ថខណ្ឌមានជ័យ ។

ជាលទ្ធផលក្នុងការត្រួតពិនិត្យ​ រថយន្តឆ្លងកាត់​ ៣២គ្រឿង, ម៉ូតូឆ្លងកាត់ចំនួន៥៨គ្រឿង ចំណែកឯគ្រឿងញៀន​ និងអាវុធជាតិផ្ទុះ មិនមានឆ្លងកាត់គោលដៅត្រួតពិនិត្យនោះទេ​ ។ ការត្រួតពិនិត្យបានបញ្ចប់​នៅវេលាម៉ោង០៩:៣០នាទីថ្ងៃខែឆ្នាំដដែល៕