កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចេញល្បាតតាមភូមិសាស្ត្រមួយចំនួន ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ



រាជធានីភ្នំពេញ​ ៖ នាយប់ថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២១នេះ អនុវត្តតាមការណែនាំលោក​ ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្នុងការថែរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងមូលដ្ឋានខណ្ឌច្បារអំពៅនោះ លោក ណុប ផា អភិបាលរងខណ្ឌដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ចេញល្បាតតាមភូមិសាស្ត្រមួយចំនួន ក្នុងខណ្ឌច្បារអំពៅ​ ។

លោក ណុប ផា បានមានប្រសាសន៍ថា ជារៀងរាល់យប់ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានដាក់កម្លាំងចម្រុះត្រួតពិនិត្យបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗទៅតាមគោលដៅដែលបានកំណត់​ នៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួន​ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដោយឡែកកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ក៏បានដាក់កម្លាំងជិះម៉ូតូល្បាតនៅក្នុងភូមិសាស្រ្តខណ្ឌ ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

ជាមួយនេះ លោកអភិបាលរងខណ្ឌច្បារអំពៅ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានត្រឹមត្រូវ ជៀសវាងកុំអោយមានគ្រោៈថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូន និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការបន្តពង្រឹងអនុវត្តគោលនយោបាយ​ ភូមិ-សង្កាត់​ មានសុវត្ថិភាព​ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដោយចូលរួមទប់ស្កាត់បង្រ្កាបបទល្មើសផ្សេងៗខុសច្បាប់ក្នុងមូលដ្ឋានដូចជា គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងហ្គេមអនឡាញជាដើម៕ ដោយបងម៉េង