សេចក្តីជូនដំណឹង៖ ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជា អាចនឹងរងជំនន់ទឹកភ្លៀង ខណៈមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរ ទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់

ភ្នំពេញ÷ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងនូវឥទ្ធិពលជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២៧, ២៨ ខែតុលា គឺមានឥទ្ធិពលពីសម្ពាធទាប និង ថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា មានឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ។ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ ។

ស្ថានភាពបែបនេះ ក្រសួងធនធានទឹក អោយដឹងថា នៅថ្ងៃទី២៧,២៨ ខែតុលា ស្អែកនេះ នៅបណ្តាខេត្តតំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរ ទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ ដែលអាចបង្កជាជំនន់ទឹកភ្លៀង នៅខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងរាជធានីភ្នំពេញ ។

ចំណែកនៅតាមបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នៅថ្ងៃទី២៧,២៨ ខែតុលា ស្អែកនេះ មានភ្លៀងក្នុងកម្រិតពីបង្គួរ ទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ អាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្ត មណ្ឌលគិរី ត្បូងឃ្មុំ និងកំពង់ចាម ។ បន្ទាប់ពីនោះ ភ្លៀងអាចនឹងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយ ទៅមធ្យម តែប៉ុណ្ណោះ ។

តំបន់មាត់សមុទ្រ អាចនឹងភ្លៀងធ្លាក់កម្រិតពីមធ្យម ទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ អាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រខ្ពស់ បន្ទាប់ពីនោះ ភ្លៀងនឹងធ្លាក់ចុះក្នុងកម្រិត ពី ខ្សោយ ទៅមធ្យម តែប៉ុណ្ណោះ ។

ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ មេត្តាបង្កើនការយកប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិដែលអាចនឹងកើតមានជាយថាហេតុ ៕