បញ្ជូនថៅកែទិញ-លក់រថយន្ត ម្នាក់ទៅតុលាការ ពាក់ព័ន្ធប្រើសែកស្អុយ២សន្លឹកជាង២០ម៉ឺនដុល្លារ
ភ្នំពេញ÷ថៅកែរកស៊ីទិញ-លក់រថយន្តម្នាក់ កាលពីរសៀលថ្ងៃទី២៤ ខែតុលា ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ករណីប្រើប្រាស់មូលប្បទានប័ត្រអត់មានសាច់ប្រាក់ (សែកស្អុយ) ប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក ។
ថៅកែទិញ-លក់រថយន្តរូបនោះមានឈ្មោះ ផាត វុទ្ធី ហៅ ជ្រុយ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ថៅកែទិញ-លក់រថយន្តខាងលើនេះ បានរងនូវពាក្យបណ្តឹងមួយ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ដែលមានអ្នកស្រី គិត ផល្លី បានប្តឹងនៅសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកងរាជអាវុធរាជធានីភ្នំពេញ ដោយចោទប្រកាន់ជនសង្ស័យថា ប្រើប្រាស់សែកស្អុយលើទឹកប្រាក់ប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក (២១.២១៨០ ដុល្លារ) ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១ នេះ ។
តាមពាក្យបណ្តឹងបានបញ្ជាក់ថា ឈ្មោះ ផាត វុទ្ធី បានទៅខ្ចីប្រាក់ពីម្ចាស់បំណុលចំនួន៣លើក សរុបជាទឹកប្រាក់៦៤ម៉ឺន៣៣០០ដុល្លារអាមេរិក ដោយយកទៅទិញរថយន្តចំនួន១១គ្រឿង ដើម្បីដាក់តាំងលក់បានផលចំណេញ រួចយកប្រាក់ទៅសងដើមបណ្តឹងវិញ ។ ប៉ុន្តែនៅពេលថៅកែឡានរូបនោះលក់រថយន្តអស់ហើយ ជនសង្ស័យមិនបានបង្វិលប្រាក់ឲ្យទៅដើមចោទគ្រប់ចំនួនទេ គឺនៅខ្វះជាង២០ម៉ឺនដុល្លារអាមេរិកទៀត ហើយជនសង្ស័យបានប្រើប្រាស់មូលប្បទានប័ត្រចំនួន២សន្លឹកឲ្យទៅដើមបណ្តឹងដែលសុទ្ធតែជាសែកស្អុយ មិនមានទឹកប្រាក់តម្កល់ក្នុងធនាគារទេ ថែមទាំងគេចវេសនឹងបំណុលនោះ ទើបត្រូវគេប្តឹងតែម្តង ។
នៅក្នុងដំណាក់កាលស៊ើបសួរ ថៅកែទិញ-លក់រថយន្តដែលរងនូវបណ្តឹងព្រហ្មទណ្ឌនេះ បានទទួលស្គាល់ការពិតយ៉ាងដូច្នោះមែន តែលុយនោះខ្លួនបានសងទៅដើមបណ្តឹងជាបន្តបន្ទាប់ និងតាមដំណាក់កាលដែរ មិនមានគំនិតទុច្ចរិតមិនសងទេ គ្រាន់តែពេលវេលានេះមានគេទិញរថយន្តនៅជំពាក់វ័ណ្ឌកដោះស្រាយមិនទាន់ចេញដូចគ្នា ។
ករណីខាងលើនេះ ស្ថាប័នអយ្យការសាលាដំបូងកំពុងបើកការស៊ើបសួរបន្ត ៕