ថៅកែការ៉ាស់សាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីលក់សាំងមិនគ្រប់លីត្រជូនប្រជាពលរដ្ឋ ហើយថែមទាំងបំបាត់វត្ថុតាងទៀត
ខេត្តកណ្តាល ៖ ថៅកែការ៉ាស់សាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីលក់សាំងមិនគ្រប់លីត្រជូនប្រជាពលរដ្ឋ ហើយ ថែមទាំងគៃបំបាត់វត្ថុតាង ទៀត នឹងត្រូវសមត្ថកិច្ចបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ ។
តាមប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបអោយ ដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះថា ក្រុមគណៈកម្មាធិការចម្រុះ មានកាំកុងត្រូល ប្រចាំខេត្ដកណ្តាល និង កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពី លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានចុះទៅត្រួតពិនិត្យនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ធឿន និង ស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ម៉ាក់ ម៉ីម៉ី ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏បានពិនិត្យឃើញថា មានមិនប្រក្រតី មួយចំនួន និង ធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង ចាត់ការតាមផ្លូវច្បាប់ តែម្តង ។
ជនសង្ស័យទី១ឈ្មោះ ហ៊ុយ សុខហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ទី២ឈ្មោះ នុត វាន់ឌឿន ភេទប្រុស អាយុ៤៦ឆ្នាំ និង ទី៣ឈ្មោះ ថូ សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ ។
ប្រភពព័ត៌មាន ដដែលបន្តថា ដេប៉ូ ម៉ាក់ ម៉ីម៉ី ប្រេងសាំងធម្មតា ខ្វះ៧លីត្រ ក្នុង១០០លីត្រ ។ ប្រេងសាំស៊ុបពែរ ខ្វះ៨,៨លីត្រ ក្នុង១០០លីត្រនិង ប្រេងម៉ាស៊ូត ខ្វះ៥,០៥លីត្រ ក្នុង១០០លីត្រ ។
ចំណែកដេប៉ូ ចាន់ ធឿន រកឃើញ ប្រេងសាំងធម្មតា ខ្វះ៥,៣លីត្រ ក្នុង១០០លីត្រ ។ ប្រេងសាំងស៊ុបពែរ ខ្វះ៥,៨លីត្រ ក្នុង១០០លីត្រ និង ប្រេងម៉ាស៊ូត ខ្វះ៦,១៥លីត្រ ក្នុង១០០លីត្រ ទើបសមត្ថកិច្ចបានធ្វើការបិទ សៀល ទៅលើដៃបូមប្រេងឥន្ទនៈ និងផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មរបស់ដេប៉ូ ប្រេងឥន្ទនៈទាំង២នេះ។
លុះដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឈ្មោះ ហ៊ុង សុខហ៊ាង បានមកដល់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ ធឿន របស់ខ្លួន ហើយក៏បានយកកន្ត្រៃមកធ្វើការកាត់ផ្តាច់ខ្សែលួស ឬ សៀលដើម្បីធ្វើការបើក លក់អាជីវកម្មរបស់គាត់ជាធម្មតាវិញ។ ចំណែកឈ្មោះ ថូ សុផាត នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានយកកន្ត្រៃមកកាត់ខ្សែលួស ឬ សៀលដែលសមត្ថកិច្ចបានបិទនោះ ដើម្បីបើក លក់អាជីវកម្មជាធម្មតាវិញដែរ។ ភ្លាមៗនោះ ក្រុមគណៈកម្មាធិការចម្រុះបានចុះទៅបិទអាជីវកម្មម្តងទៀត និងនាំខ្លួនជនទាំង៣នាក់នោះ មកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរតែម្តង ។
ករណីនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នឹងបញ្ជូនថៅកែហាងការ៉ាស់សាំងទាំង៣នាក់ មកអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត ៕