លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យ លោក MITORI NAOKI ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប អញ្ជើញចូលជួបសម្តែងការគួរសម

សៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង៣០នាទី លោក MITORI NAOKI ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប បានអញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក្នុងឱកាសដែល លោកឧត្តមសេនីយ៍ត្រី ត្រូវបានក្រសួងមហាផ្ទៃ ទើបតែងតាំងមុខតំណែងថ្មី ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាពេលថ្មីៗនេះ ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន តាមរយៈតំណាងរបស់ខ្លួននៅក្នុងខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រីស្នងការ ក៏បានថ្លែងអំណរគុណ ចំពោះប្រជាជន និងរាជរដ្ឋាភិបាលប្រទេសជប៉ុន ដែលតែងតែជួយផ្តល់ជំនួយសំរាប់ប្រទេសកម្ពុជា ក្នុងនោះរួមមានប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបផងដែរ ដែលបានទទួលសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាតស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបន្តទៀតថា ៖ កន្លងមកប្រទេសទាំងពីរបានបន្តរឹតចំណងមិត្តភាព និងខិតខំបន្តទំនាក់ទំនងដ៏ល្អដែលជាប្រពៃណីមានជាយូរលង់ណាស់មកហើយ ព្រមទាំងខិតខំបង្កលក្ខណៈងាយស្រួលឱ្យអ្នកវិនិយោគទុន និងប្រជាជនជប៉ុន ប្រកបដោយ សន្តិសុខ សុវត្ថិភាព ដែលបានមករស់នៅ និងប្រកបមុខរបរអាជីវកម្ម នៅក្នុងទឹកដីខេត្តសៀមរាប ដោយឈរលើគោលការណ៍ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា៕