អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមអនុវត្តវិធានការច្បាប់ចំពោះអ្នកដែលនៅតែប្រមូលផ្តុំ និងផឹកគ្រឿងស្រវឹង
ខេត្តសៀមរាប៖ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះខេត្ត ចុះអនុវត្តលើបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ នៅក្នុងតំបន់លឿងទុំក្រុងសៀមរាប បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចលេខ១៥៤/២១សសរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា កន្លងមកនេះ រដ្ឋបាលខេត្តបានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេច និងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ បើទោះបីកន្លងមករដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាល ធ្លាប់បានអប់រំ ផ្សព្វផ្សាយជាបន្តបន្ទាប់តាមគ្រប់រូបភាពក៏ដោយ ដូច្នេះឥឡូវនេះអាជ្ញាធរ បានចាប់ផ្តើមអនុវត្តវិធានការច្បាប់ចំពោះអ្នកដែលនៅតែប្រមូលផ្តុំ និងផឹកគ្រឿងស្រវឹង ដោយធ្វើការផាក់ពិន័យទៅតាមច្បាប់កំណត់ ដោយមិនមានការលើកលែងទៀតទេ ។
លោក ពៅ ពិសិដ្ឋ បានឱ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនេះ អាជ្ញាធរខេត្តក៏បានធ្វើការផាកពិន័យទៅលើម្ចាស់ទីតាំងដែលមានការប្រមូលផ្តុំជាបន្តបន្ទាប់ ដោយសារតែពួកគាត់មិនព្រមអនុវត្តតាមច្បាប់ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ ។
គួររំលឹកថា តាមបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះដែរ ឯកឧត្ដមបានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែប្រហែស ខ្វះការប្រុងប្រយ័ត្ន បំពាន និងមិនមានការស្វែងយល់ពីហានិភ័យនៃជំងឺកូវីដ-១៩ អាជ្ញាធរយើងខ្ញុំ បានខិតខំណែនាំហើយ ណែនាំទៀត អង្វរផង និងអំពាវនាវផង បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមិនស្តាប់ មិនចូលរួម ខ្ញុំត្រូវបង្ខំចិត្ត ឱ្យក្រុមការងារចាត់វិធានការចំពោះបងប្អូនមួយចំនួននេះ ក្នុងការផាកពិន័យ និងដាក់ទោសតាមច្បាប់ អាចត្រូវបិទអាជីវកម្ម បិទហាង បាត់បង់ការងារ បងប្អូនអាចឆ្លងកូវីដ-១៩ និងនាំយកជំងឺចូលផ្ទះ ឆ្លងដល់ប្តីប្រពន្ធ ឆ្លងដល់កូន ឆ្លងដល់ ឪពុកម្ដាយ ដែលចាស់ជរា បងប្អូននឹងអាចធ្វើឱ្យបាត់បង់សមាជិកក្រុមគ្រួសារ ដោយសារតែទប់ចិត្តមិនបាន ជុំគ្នាផឹក សប្បាយក្នុងមួយគ្រា ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តសៀមរាប បានធ្វើការអង្វរ និងអំពាវនាវម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋ សូមចូលអនុវត្ត គ្រប់គ្រងកូនចៅឲ្យបានល្អ បើមិនមានការចាំបាច់ កុំចេញពីផ្ទះ ដើម្បីសុវត្ថិភាព ដោយផ្អាកការប្រមូលផ្តុំ ការជួបជុំ ផឹកស៊ី និងសកម្មភាពទាំងឡាយដែលផ្ទុយពីវិធានការការពាររបស់ក្រសួងសុខាភិបាល ៕