លោកប៉ូលិស អ៊ុន សំអាត ដែលអួតថា «១អាទិត្យធ្វើការតែ១ថ្ងៃ» ត្រូវបាន សម្ដេចក្រឡាហោម ស ខេង ដកហូតមុខតំណែង
កណ្តាល៖លោកអនុសេនីយ៍ឯក អ៊ុន សំអាន អត្តលេខ ៦៥១៤៤ ជានាយរងផ្នែក នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ ចំណុះស្នង ការដ្ឋាននគរបាល ខេត្តកណ្តាល ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យ ដោយ «ដកហូតមុខតំណែង ឋានន្តរសក្ដិ និងបណ្ដេញចេញពី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ» ដោយមូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ ។ នេះបើយោងតាមប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ដែល ទើបទទួលបាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ។
គួររំលឹកថា មានការបែកធ្លាយសំឡេង លោកអនុសេនីយ៍ឯក អ៊ុន សំអាត នាពេល កន្លងមក ដោយបានអួតអាង ថា «១អាទិត្យធ្វើការតែមួយថ្ងៃទេ» ។តាមរយៈសារសំឡេង ដែលទទួលបាន គឺលោក អ៊ុន សំអាត និយាយថាៈ «អ្នកខ្លះយាម ទាំងយប់ ទាំងថ្ងៃ មិនមែនដូចអញ ១អាទិត្យធ្វើការ តែ១ថ្ងៃទេ រកស៊ី ៦ថ្ងៃ ព្រលឹមឡើង មកស្អាង ល្ងាចឡើងទៅតាខ្មៅ វិញ» ។
លោក អ៊ុន សំអាត ថ្មីៗនេះ ក៏មានករណីមួយទៀត គឺព្រោះតែខឹងឆ្កែព្រុស ដេញខាំ បានទាញកាំភ្លើង ខ្យល់បាញ់ ៤ គ្រាប់ នាំអោយភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ស្មានតែមានករណីអ្វីកើតឡើង កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ផងដែរ ៕