មន្ត្រីប៉ូលីសម្នាក់ បានបញ្ជារថយន្តថយក្រោយមិនប្រយ័ត្ន ក៏ជ្រុលធ្លាក់ពីលើទូកដរ ចូលទៅក្នុងទន្លេ
(កណ្តាល)៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើង ខណៈរថយន្តមួយគ្រឿងបើកថយក្រោយ រួចធ្លាក់ពីលើទូកដរកាលពីវេលាម៉ោងប្រមាណជិត៩ព្រឹកថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២១ តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ។
រថយន្តធ្លាប់ទឹកម៉ាកហាយឡែនឌ័រពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN 1302 បើកបរដោយឈ្មោះ សាម សុវ៉ាត់ ហៅប្លោក ភេទប្រុសអាយុ ៥១ឆ្នាំ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង មុខរបរ ជាមន្រ្តីនគបាលប៉ុស្តិ៍តាលន់ ស្រុកស្អាង ។
ក្នុងនោះរថយន្តមានអ្នករួមដំណើរមានគ្នា ០៤នាក់
ទី១-ឈ្មោះ ថាសុីធូ ភេទស្រី អាយុ៤១ឆ្នាំត្រូវជាប្រពន្ធ
ទី២-ឈ្មោះ ឃុន សឿន ភេទស្រី អាយុ ៦៧ឆ្នាំ ត្រូវជាម្តាយ
ទី៣-ឈ្មោះ សុវ៉ាត់ ចាន់សីហារ ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាកូន និងទី
៤-សុវ៉ាត់ ចាន់បរមី ភេទស្រី អាយុ៩ឆ្នាំ ត្រូវជាកូន អ្នកទាំង៤មានទីលំនៅជាមួយគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមនិងក្រុមគ្រួសារ បានបើករថយន្តចុះទូកដរ បម្រុងឆ្លងទៅត្រើយខាងកើត លុះពេលបើកចុះដល់លើទូកដរ ជនរងគ្រោះបានជាន់ហ្គែរខ្លាំង បណ្តាលឲ្យរថយន្តធ្លាក់ពីលើទូកដរចូលក្នុងទឹកតែម្តង ។
ពេលនោះអ្នកធ្វើដំណើរលើទូក និងទូកខ្មែរឥស្លាមបានជួយសង្គ្រោះទាន់ ហើយមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ រីឯរថយន្តបានស្ទូចឡើងចេញពីទន្លេហើយ៕