ឃាត់ខ្លួនប្រុសស្រីជាង៥០នាក់ ក្នុងការចុះបិទទីតាំង ដកហូតអាជ្ញាប័ណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ(KTV) និងបារបារាំងជាច្រេីនកន្លែង ក្នុងខណ្ឌចំនួន៣ នៃរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ (ដំណឹងបឋម)គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះមានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាលចំពោះអាជីវកម្មក្លឹបកំសាន្ត, ខារ៉ាអូខេ(KTV) និងបារបារាំង ដែលបានលួចលាក់បើកដំណើរការបំពាននឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ។
នេះបេីតាមសេចក្ដីរាយការណ៍ដែលក្រុមការងារហង្សតូចទទួលបាន អាជ្ញាធរសម្រេចបិទទីតាំង ដកហូតអាជ្ញាប័ណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ(KTV) ១.ខារ៉ាអូខេ ANGEL PALACE ក្នុងខណ្ឌ៧មករា ២.ខារ៉ាអូខេ អាត់ជួង ក្នុងខណ្ឌមានជ័យ ៣.បារបារាំង ជិត១០កន្លែង នៅក្នុងខណ្ឌដូនពេញ ដោយសារម្ចាស់ទីតាំងល្មើស នឹងការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដែលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ប្រភពបានឲ្យហង្សតូចដឹងទៀតថា ម្ចាស់ទីតាំងត្រូវប្រឈមមុខចំពោះច្បាប់ជាធរមាន ចំពោះមនុស្សប្រុសស្រីដែលជាបុគ្គលិកបម្រេីការក្នុងទីតាំងខាងលេី និងភ្ញៀវ សរុបប្រមាណជិត៥០នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្នបញ្ជូនទៅស្នងការក្រុង ដេីម្បីរងចាំចំណាត់ការបន្ត ។ សារព័ត៌មានហង្សតូច