ពាក្យចាស់ពោលថាខឹងខុសខឹងខាត ប្ដីប្រពន្ធមួយគូមានជម្លោះក្នុងគ្រួសារ ប្ដីទប់កំហឹងមិនបានដុតផ្ទះខ្លួនឯងឆេះម៉ត់
ស្ទឹងត្រែង៖ ហេតុការណ៍នេះ បានកើតឡើងកាលពី រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ករណីអគ្គិភ័យ ឆេះផ្ទះមួយខ្នង បណ្ដាលឱ្យខូចខាតទាំងស្រុង។ ផ្ទះខាងលើមានទំហំ ៥ម៉ែត្រ គុណនឹង ៥ ម៉ែត្រ សង់ផុតពីដី ជញ្ជាំងក្តារ ប្រក់ស័ង្កសី ។ ម្ចាស់ផ្ទះឈ្មោះ ថុន ងិត អាយុ ២៥ ឆ្នាំ និងប្រពន្ធឈ្មោះ ហឿន ណៃហ៊ាអាយុ ៣០ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុ ។
មូលហេតុនៃករណីអគ្គិភ័យនេះ គឺបណ្តាលមកពី ប្ដីប្រពន្ធ មានជម្លោះគ្នា ធ្វើឱ្យប្តីទប់កំហឹងមិនជាប់ បង្ករជាអំពើហិង្សាក្នុងគ្រួសារ (ដុតផ្ទះខ្លួនឯង) ។ ជនសង្ស័យ ឈ្មោះ ថុន ងិត ដែលត្រូវជាប្ដី បានត្រូវកម្លាំងនគរបាលប៉ុស្តិ៍ ឃាត់ខ្លួន រួចបញ្ជូនមកការិយាល័យជំនាញ។ នៅក្នុងហេតុការណ៍នេះ មិនបានយករថយន្តអគ្គិភ័យ ទៅជួយអន្តរាគមន៍ពន្លត់ភ្លាមៗទេ ដោយសារចំងាយផ្លូវឆ្ងាយ៕