បទល្មើសដឹកជញ្ជូនឈើនៅខេត្តក្រចេះនៅតែបន្តកើតមាន មន្ត្រីជំនាញព្រៃឈើខេត្តមិនរវល់អើពើរឡើយ
ក្រចេះ៖ សកម្មភាពរថយន្តសាំយ៉ុងដឹកឈើទាំងយប់ទាំងថ្ងៃឆ្លងកាត់ស្រុកស្នួល បានយ៉ាងរលូន ដោយមិនរំខានដល់មន្ត្រីដែលពាក់ព័ន្ធណាម្នាក់សោះឡើយ បើទោះបីជាមានបទបញ្ជាពីថ្នាក់ដឹកនាំ នៅក្នុងខេត្តក្រចេះ ក៏ដូចជាលោកអភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន ឲ្យចុះមកត្រួតពិនិត្យនិងទប់ស្កាត់បង្ក្រាបរាល់បទល្មើសនានា ជាពិសេសគឺបទល្មើសព្រៃឈើនេះតែម្ដង តែបទបញ្ជារបស់ថ្នាក់ដឹកនាំនៅក្នុងខេត្តក្រចេះទាំងមូល ហាក់បីដូចជាគ្មានប្រសិទ្ធភាពអ្វីបន្តិចសោះឡើយ។
ជាក់ស្ដែងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ មហាជនដែលនៅក្នុងស្រុកស្នួលនិងបានធ្វើដំណើរឆ្លងកាត់ទីរួមស្រុកស្នួលទាំងយប់ទាំងថ្ងៃ គេតែងតែសង្កេតឃើញមានរថយន្តសាំយ៉ុងដឹកឈើលៀនវែងៗទៅក្រោយ ទាំងយប់ទាំងថ្ងៃ ដឹកឆ្លងកាត់មុខរង្វង់មូលស្រុកស្នួល តាមផ្លូវជាតិលេខ៧អាឆ្ពោះទៅស្រុកមេមត់ ដែលក្រុមទាំងនេះ គឺបានដឹកចេញពីចំណុច ផ្លូវ ១០៧ ឃុំឃ្សឹម ស្រុកស្នួល តាមបណ្តោយផ្លូវជាតិលេខ៧៦ និងមួយចំនួនទៀត ដឹកចេញមកពីខាង ភូមិសំពោច ស្រែរនាម ដែលមានមេឈ្មួញជាច្រើននាក់ ផ្សេងៗគ្នា។
មហាជនទូទៅបានដាក់ការសង្ស័យថា ប្រហែលជាសមត្ថកិច្ចដែលនៅក្នុងស្រុកស្នួលមួយចំនួន មានការឃុបឃិតបង្កើតអំពើពុករលួយជាមួយនឹងក្រុមរកស៊ីបទល្មើសទាំងនោះហើយមើលទៅ បានជាទាំងថ្ងៃទាំងយប់មានរថយន្តសាំយ៉ុងជាច្រើនគ្រឿងដឹកឈើលៀនវែងៗយ៉ាងអនាធិបតេយ្យ ប្រសេចប្រសាចពាសពេញផ្លូវ យ៉ាងដូច្នេះទៅហើយនៅតែមិនឃើញមានការទប់ស្កាត់និងបង្ក្រាបម្តង់ណាសោះឡើយ បើទោះបីជាមានក្រុមអ្នកសារព័ត៌មានបានរាយការណ៍តាមគ្រប់ WhatsApp និងបានធ្វើការផ្សព្វផ្សាយ យ៉ាងច្រើនយ៉ាងណាក៏ដោយក៏នៅតែមិនមានប្រសិទ្ធភាពដដែល។
ប្រជាពលរដ្ឋដែលបានឃើញសកម្មភាពទាំងអស់បានសំណូមពរ ទៅដល់ឯកឧត្តម វ៉ា ថន ដែលជាអភិបាលនៃគណៈអភិបាលខេត្តក្រចេះ សូមលោកមានវិធានការក្តៅចំពោះ មន្ត្រីគ្រាប់ល្ពៅមួយចំនួនតូច ដែលទទួលបទបញ្ជាហើយមិនអនុវត្តឱ្យបានជាក់លាក់ ក្នុងការបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសព្រៃឈើនៅក្នុងស្រុកស្នួល ដែលបណ្ដែតបណ្ដោយឲ្យមានបទល្មើសព្រៃឈើចេញទាំងយប់ទាំងថ្ងៃជារៀងរហូតមិនដែលដាច់ម្ដងណានោះបែបនេះហើយពួកគាត់សង្ឃឹមថាបទល្មើសទាំងនេះ និងបង្ក្រាបបានក្នុងពេលខាងមុខដ៏ខ្លីនេះផងចុះ៕