បញ្ចូនខ្លួនជនសង្ស័យជា ភេទទី៣ម្នាក់(ប្រុសធ្វើស្រី)ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធអំពើ សញ្ចារកម្ម ទាក់ទងនឹងពេស្យាចារកេងប្រវ័ណ្ឌលើស្ត្រី និងកុមារ០៨នាក់
(ភ្នំពេញ) ៖ កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បញ្ចូនខ្លួនជនសង្ស័យជា ភេទទី៣ម្នាក់(ប្រុសធ្វើស្រី)ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធអំពើ សញ្ចារកម្ម ទាក់ទងនឹងពេស្យាចារកេងប្រវ័ណ្ឌលើស្ត្រី និងកុមារ០៨នាក់ដោយក្នុងនោះមានអនីតិជនអាយុក្រោម១៥ឆ្នាំ ។
ជនសង្ស័យមានឈ្មោះ ស៊ឹម គឹមហ័ន ហៅវី ភេទ ប្រុស (ខ្ទើយ)អាយុ១៦ឆ្នាំមានទីលំនៅភូមិ៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ រូបគេត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សំបូរ ម៉ាណ្ណារិទ្ធិ អនុប្រធាននាយកដ្ឋាន បានចុះធ្វើការចាប់ខ្លួនជាក់ស្តែង នៅចំណុចផ្លូវច្រកចូលភោជនីយដ្ឋានបឹងបៃតង ស្ថិតក្នុងភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចអោយដឹងថា នៅវេលាថ្ងៃទី១១ ខែឆ្នាំខាងលើជនសង្ស័យ បានទំនាក់ទំនងជនរងគ្រោះទាំង ៨នាក់ តាមរយះប្រព័ន្ធអេឡិចត្រូនិច ( Messenger ) ឲ្យទៅហូបបាយជាមួយភ្ញៀវ ដើម្បីឲ្យភ្ញៀវមើលសិន មុនទៅរួមដំណេក នៅម្តុំភោជនីយដ្ឋានបឹងបៃតង នាខណ្ឌសែនសុខ ។ ដោយដំបូងឡើយ ពួកគេណាត់ជួបគ្នានៅចំណុចលូទឹកស្អុយបឹងសាឡាង រួចបន្តជិះម៉ូតូរ៉ឺម៉កផាស់អាប់ទៅកាន់ទីកន្លែងដែលភ្ញៀវណាត់ជួបជុំគ្នាតែម្តង ។ លុះទៅដល់ទីណាត់ជួប ក៏ត្រូវបានកម្លាំងនគរបាល ចុះធ្វើការបង្ក្រាបជាក់ស្តែង ។
យោងតាមការឆ្លើយសារភាពរបស់ក្រុម ក្រុមជនរងគ្រោះអោយដឹងថា ជនសង្ស័យតែងទំនាក់ទំនងពួកខ្លួនអោយដេកជាមួយភ្ញៀវជាច្រើនលើកច្រើនសារមកហើយ ដោយក្នុងនោះចំពោះភ្ញៀវដែលអោយតម្លៃខ្លួនពួកគេត្រឹម ៥០ដុល្លារ គឺជនសង្ស័យដកភាគរយចំណេញ១០ដុល្លារ ភ្ញៀវអោយ៧០ ឬ៨០ដុល្លារ ជនសង្ស័យដក ២០ដុល្លារ ដោយឡែកបើភ្ញៀវអោយ១០០ដុល្លារ គឺគេដក៣០ដុល្លារ ក្នុងម្នាក់ៗ ។
យ៉ាងណាមិញចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិនូវទង្វើដូចដែលជនរងគ្រោះទាំង៨នាក់ បានលើកឡើងប្រាកដមែន៕