យោធាពាក់ផ្កាយ១ ដកកាំភ្លើងវាយក្បាលសន្តិសុខម្នាក់បណ្តាលឱ្យបែកហូរឈាមស្រោចខ្លួនដួលស្តូកលើដី គឺផ្តើមពីរឿងបាត់ស្បែកជើងមួយគូ

ខេត្តកណ្ដាល៖ ក្រោយពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក​ មាន​ សំណាង​ អធិការនគរបាលស្រុកអង្គស្នួល​ ចាត់កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេីក​ ចុះដល់កន្លែងកេីតហេតុ​ ធ្វេីការស្រាវជ្រាវ​ ស៊េីបអង្កេត ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លី) ករណីនេះកើតឡើងកាលពី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទី ចំណុចភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ច្រឹក ស៊ីណា ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ហេង គាហុង ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមន្ទីរសម្រាកព្យាបាលនិងសម្ភព​ សុខ​ ម៉េង (គ្លីនិចឯកជន)​ នៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)​ (យោធា)។
ផលប៉ះពាល់របួសបែកក្បាលផ្នែកខាងឆ្វេង​ លេីត្រចៀក​ ១កន្លែង​ ដេរ០៣ថ្នេរ។
វត្ថុតាងចាប់យក៖ អាវុធខ្លីមួយដើមម៉ាកCF98 លេខ006009 មានបង់ចំនួនមួយ និង គ្រាប់ចំនួនមួយ។

គួររំលឹកថា កាលពីថ្ងៃទី០២ ខែមករាឆ្នាំ២០២១ វេលាម៉ោង ១៨និង០០នាទី ជនរងគ្រោះបានទៅយាមជំនួសគេមួយយប់នៅគ្លីនិច​ សុខ ម៉េង​ (កន្លែងកេីតហេតុ)។ នៅពេលយាមម៉ោងប្រហែលប្រាំទៀបភ្លឺ ក៏មានមនុស្សប្រុសម្នាក់មកសួរជនរងគ្រោះថាពូសន្តិសុខយាមនៅហ្នឹងរាល់ថ្ងៃទៅណាហើយ ជនរងគ្រោះឆ្លើយថាគាត់សម្រាកមួយថ្ងៃហើយ ដោយខ្ញុំយាមជំនួសវិញ ពេលនោះមនុស្សប្រុសម្នាក់នោះបានខ្ចីលុយពីជនរងគ្រោះចំនួន ៣,០០០៛ (បីពាន់រៀល) ជនរងគ្រោះក៏ឱ្យលុយខ្ចីចំនួនបីពាន់រៀល ហើយមនុស្សប្រុសនោះក៏ដើរចេញទៅវិញដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ។ លុះដល់ម៉ោង០៦ព្រឹកទើបជនរងគ្រោះចេញទៅផ្ទះវិញទៅ។
រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៨ព្រឹក ជនសង្ស័យបានបាត់ស្បែកជេីងស៊កស្បែកចំនួនមួយគូ ដែលដោះទុកនៅមាត់ទ្វារចូលគ្លីនិចរបស់ខ្លួនធ្វើការ ដោយជនសង្ស័យគិតថាបងប្អូនអ្នកជម្ងឺយកពាក់សិនទើបមិនរក។ រហូតដល់ម៉ោងប្រាំបីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ មិនឃើញស្បែកជើងទៀត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញបុរសម្នាក់បានឈរនិយាយជាមួយជនរងគ្រោះ​ និង ហុចលុយឱ្យជនរងគ្រោះ​ ហើយបុរសនោះបានពាក់យកស្បែកជើងរបស់ជនសង្ស័យដើរចេញទៅ។ បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាពហើយ ជនសង្ស័យបានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះមកជជែកគ្នាឱ្យដឹងសាច់រឿង។ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក ជនសង្ស័យបានណាត់ជាមួយក្រុមហ៊ុនសន្តិសុខឱ្យនាំជនរងគ្រោះមកជជែកគ្នានៅក្នុងគ្លីនិច តែមិនឃើញមកសោះ ទើបជនសង្ស័យខឹងក៏ជិះឡានទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័ន​ រាជធានីភ្នំពេញវិញទៅ។ រហូតដល់ម៉ោង១២រសៀលទើបក្រុមហ៊ុនសន្តិសុខទៅដល់គ្លីនិច​ មិនឃើញជនសង្ស័យ ក៏តេទូរសព្ទហៅជនសង្ស័យមកជជែកគ្នាវិញ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យទៅដល់គ្លីនិច ឃើញជនរងគ្រោះឈរនៅមុខ ហើយក៏យកកាំភ្លើងខ្លីពីចង្កេះខោមកវាយទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេងបណ្តាលឱ្យដួល​ ហើយជនសង្ស័យ ក៏ដើរចូលក្នុងគ្លីនិចបាត់ទៅ ។ ចំណែកជនរងគ្រោះត្រូវបានបុគ្គលិកពេទ្យយកទៅលាងរបួសនិងដេរចំនួនបីថ្នេរ។ បន្ទាប់មកជនរងគ្រោះបានទូរសព្ទរាយការណ៍ឱ្យសមត្ថកិច្ច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងដើម្បីសាកសួរ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួលឱ្យមកយាមបែរជាត្រូវគ្នាជាមួយចោរទៅវិញ។
សូមបញ្ជាក់ជូនថា៖ តាមការឆែកកាមេរ៉ាសុវត្ថិភាព ឃើញថាមានមនុស្សប្រុសម្នាក់បានមកហុចលុយឱ្យជនរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ចាត់ការតាមនីតិវិធី។

ជុំវិញរឿងរាវបង្កឱ្យមានការភ្ញាក់ផ្អើលដំបូងឡើយ មានម្ចាស់គណនីហ្វេសបុកឈ្មោះ Sien San បានផ្សព្វផ្សាយមានខ្លឹមសារថា «សូមឯកឧត្តម ប្រធាន មេត្តាជួយមានវិធានការចំពោះករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយម្ចាស់មន្ទីរពេទ្យបានដកកាំភ្លើងវាយក្បាលសន្តិសុខយើងខ្ញុំផង» ហើយក៏មានអ្នកចែករំលែកជាច្រើន ទើបសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលជាមន្ត្រីយោធាផ្កាយ១ តែម្ដង។